នាងខ្ញុំ កញ្ញា ជាកូនស្រីអ្នកខេត្តកំពង់ចាម ហើយនៅពេលនេះ ខ្ញុំសូមលើកយកបទពិសោធន៍ដ៏រន្ធត់មួយដែលបានកើតឡើងលើរូបនាងខ្ញុំកាលពីកន្លងទៅ ដែលខ្ញុំស្ទើរតែក្លាយជាមនុស្សឡប់សតិក្នុងពេលពេញមួយរាត្រីប៉ុណ្ណោះ។
នារដូវភ្ជុំបិណ្ឌ ខ្ញុំ និងមិត្តរួមថ្នាក់ បាននឹងមានគម្រោងធ្វើដំណើរកម្សាន្តទៅកាន់ខេត្តកោះកុងចំនួន២យប់ដែលក្នុងនោះ វីរៈ – ភាលិកា – ប៊ុនថា និងមួយគូទៀតគឺ វីល្លាម និង បុស្បា ពួកគេសុទ្ធតែមានជាគូ រីឯខ្ញុំតែម្នាក់ឯងគត់ដែលគ្មានគូ ព្រោះបង កុសល ជាសង្សារខ្ញុំគាត់ជាប់ធុរៈនៅឯភ្នំពេញ។
លុះរសៀលជ្រាលជ្រេថ្ងៃទេរគងភ្នំណាស់ហើយ ពួកយើងក៏បានបើកឡានយ៉ាងយូរ ស្រាប់តែមកដល់ពាក់កណ្តាលផ្លូវ…
ភូស!!!
“វីរៈ! តើឡានមានអ្វីកើតឡើង” ខ្ញុំបន្ទរមុនគេ
“គឺ…គឺខ្ញុំក៏មិនដឹងដូចគ្នា”
“ហ្អើយ! ហើយអារៈឯងនេះបើកឡានយ៉ាងម៉េចទេហ្អា!” កុសលនិយាយដោយបន្ទោសវីរៈ
“អឺ ឯងស្មានតែគ្នាចង់បែបហ្នឹងមែន”
“ទៅ! ឈប់ឈ្លោះប្រកែកគ្នា ហើយគិតនាំគ្នាចុះទៅមើលភ្លាមទៅ ដើម្បីកុំឱ្យថ្ងៃលិចទាន់” បូស្បា និយាយ
បន្ទាប់ពីនោះ ខ្ញុំបានចុះពីលើរថយន្ត ហើយដើរសំដៅទៅកាន់ខាងមុខឡាន ទើបភ្ញាក់ខ្លួនព្រើតស្ទើរគាំងស្មារតី ព្រោះវីរៈ បានបើកឡានបុកឆ្មាខ្មៅមួយក្បាលយ៉ាងធំរហូតដល់ដាច់របូតបាត់ក្បាលឆ្មានោះ…ខ្ញុំនឹងពួកគេភិតភ័យនឹងទិដ្ឋភាពនោះមែនទែន ព្រោះនេះវាគឺជាប្រផ្នូលមួយមិនល្អទាល់តែសោះ។ បន្ទាប់មក វីល្លាម អូសឆ្មានោះចោលរួច ពួកយើងក៏ធ្វើដំណើរទៅមុខបន្តទៀត។
លុះរាត្រីយប់ម៉ោងប្រមាណជាង៧កន្លះ ទើបពួកយើងដល់ទឹកដីកោះកុងដ៏មនោរម្យ ប៉ុន្តែ ពេលនោះជាពេលយប់ ទើបពុំអាចឃើញទេសភាពដ៏ស្រស់ត្រកាលនៃខេត្តនេះបានឡើយ…។ ពួកយើងក៏បាននាំគ្នាទៅស្រស់ស្រូបអាហារពេលយប់រួចក៏បន្តទៅរកជួលបន្ទប់សណ្ឋាគារសម្រាប់គេង ពេលទៅដល់សណ្ឋាគារមួយកន្លែង ពួកយើងបានកុម្ម៉ង់បន្ទប់ចំនួន៤ តែជាប្រភេទបន្ទប់គ្រែមួយសម្រាប់គូស្នេហ៍។
ផ្ទុយទៅវិញ បុគ្គលិកសណ្ឋាគារបានបញ្ជាក់ប្រាប់ថា បន្ទប់គ្រែ១ នៅសល់តែ៣បន្ទប់ប៉ុណ្ណោះ ភាលិកា ក៏បានប៉ះស្មាខ្ញុំដោយថ្នមៗ រួចសម្រួលឱ្យខ្ញុំទៅគេងបន្ទប់ជាមួយគេ និងសង្សារ ក៏ប៉ុន្តែ ខ្ញុំគឺជាមនុស្សម្នាក់ដែលមិនចូលចិត្តរំខានក្តីសុខរបស់អ្នកដទៃ តួយ៉ាងដូចក្នុងពេលនេះអ៊ីចឹង ភាលិកា ជាមិត្តស្និទ្ធស្នាល ហើយគេមានមិត្តប្រុស តើឱ្យខ្ញុំទៅគេងយ៉ាងម៉េច? ខ្ញុំក៏បដិសេធ ហើយក៏ទៅអើតមើលនៅលើកញ្ចក់កុំព្យូទ័រ ស្រាប់តែឃើញបន្ទប់មួយទៀតដែលនៅសល់ ខ្ញុំផ្តើមជ្រួញចិញ្ចឹម ហើយនឹកគិតឆ្ងល់ជាខ្លាំង ខ្ញុំក៏និយាយបញ្ចុះបញ្ចូលដល់បុគ្គលិកប្រុសរូបនោះ ទម្រាំតែព្រម ខ្ញុំខំនិយាយយ៉ាងបែកញើស ព្រោះបុគ្គលិកនោះហាក់មានអ្វីមួយដែលកំពុងលាក់លៀមជាមួយនឹងពួកយើង…បុគ្គលិកក៏ហុចសោរមកឱ្យខ្ញុំ មើលភ្លាម
ប្លែកភ្លែតព្រោះសោរនោះមានភ្ជាប់ជាមួយនឹងលេខបន្ទប់៥៥៥ វាជាលេខពិសេសខ្លាំងណាស់…។
ពួកយើងនាំគ្នាចូលទៅកាន់បន្ទប់រៀងៗខ្លួន ខ្ញុំឈានជើងចូលដល់ក្នុងបន្ទប់ភ្លាម ចាប់ផ្តើមកើតនូវអារម្មណ៍ប្លែកៗ ដូចជាកំពុងតែមាននរណាម្នាក់កំពុងតែគន់សម្លឹងមកខ្ញុំ ចាប់តាំងពីមកដល់ខាងមុខបន្ទប់ដំបូងមកម៉េ្លះ ម្លោះហើយទើបខ្ញុំលូកដៃទៅចុចបើកកុងតាក់ភ្លើង ដើម្បីបំភ្លឺនឹងកាត់បន្ថយអារម្មណ៍មិនប្រក្រតី…។
ស្រាប់តែពេលនោះមានអ្វីមិនដឹង វាពិតជាត្រជាក់ខ្លាំងណាស់ បានមកក្តោបដៃខ្ញុំជាប់ ខ្ញុំស្រែកវ៉ាសហើយក៏រលាសដៃចេញ ពេលនោះក្រុមការងាររៀបចំបន្ទប់បានមកដល់ ហើយសួរខ្ញុំពីការដែលខ្ញុំស្រែកយ៉ាងខ្លាំង រហូតបង្កជាសំឡេងលាន់ដល់ខាងក្រៅ ខ្ញុំប្រាប់ពួកគេវិញថា វាពិតជាគ្មានអ្វីកើតឡើងឡើយ។
បន្ទាប់ពីនោះ ពួកគេទាំងពីរក៏ចូលរោយស្រទាប់ផ្កាកុលាបនៅក្នុងអាងទឹក និងរៀបភេសជ្ជៈដាក់នៅលើតុក្បែរគ្រែ រួចមក ពួកគេក៏លើកដៃសំពះជំរាបលាខ្ញុំរួច៖
“សូមបងស្រីគេងលក់ក្នុងសុបិនដ៏ផ្អែមល្ហែម” រួចក៏ចាកចេញបាត់ទៅទាំងទឹកមុខបុគ្គលិកប្រុសម្នាក់នោះ ហាក់មានអ្វីប្រក្រតីយ៉ាងម៉េចមិនដឹងទេ…
ខ្ញុំក៏ផ្លាស់កន្សែងងូតទឹក ខណៈដែលខ្ញុំបិទភ្នែកនៅក្នុងអាងទឹកដើម្បីបំបាត់ភាពនឿយហត់មួយស្របក់ក្រោយ ស្រាប់តែមានអារម្មណ៍ថា កំពុងមានមនុស្សដើរនៅក្នុងបរិវេណបន្ទប់ រួចក៏ឃើញមានស្រមោលសៗឋិតនៅខាងក្រៅកញ្ចក់ថ្លាក្នុងបន្ទប់ទឹក ភាពមិនស្រួលកើតមាន ខ្ញុំក្រោកឡើងហើយស្លៀកពាក់ឡើងលើគ្រែបិទភ្លើងគេងតែម្តង…
ម៉ោង១២យប់ ខ្ញុំបានភ្ញាក់ឡើងដោយសារមានមនុស្សគោះទ្វារ ពេលចេញទៅបើកគឺពុំឃើញមាននរណាក្រៅពីភាពស្ងាត់ជ្រងំនោះទេ ក៏ប៉ុន្តែ នៅក្នុងបន្ទប់ទឹកឮសូរសំឡេងទឹកហូរ ខ្ញុំក៏ដើរចូលទៅវិញ ក៏ប៉ុន្តែ អ្វីៗវាមានសភាពធម្មតាទាំងអស់ តែ…តែ…នៅក្នុងឡាំបូលាងដៃមានសំណុំសរសៃសក់យ៉ាងច្រើន ខ្ញុំចាប់ទាញម្តងបន្តិចៗពីតម្រងរបស់វា…វាពិតជាវែងខ្លាំងណាស់ ខ្ញុំទាញបានប្រវែងជិតកន្លះម៉ែត្រ សរសៃសក់ហ្នឹងចាប់ផ្តើមមានជាប់ដោយឈាមក្រហមក្រម៉ៅដុំៗតែម្តងខ្ញុំភ័យខ្លាំងណាស់ក៏រត់ចេញមកវិញ ហើយឡើងគ្រែគេងសារជាថ្មី…
សំឡេងមនុស្សស្រីកំពុងតែយំត្អូញត្អែរនៅចុងជើងរបស់ខ្ញុំ ខ្ញុំទាញភួយចេញហើយក្រោកអង្គុយ ពេលនោះ គឺមានស្រ្តីម្នាក់ស្លៀកពាក់សកំពុងអង្គុយសំកុកសំកូវទម្លាក់សក់ដ៏វែងរបស់នាងគ្រប់មុខ ហើយអង្គុយយំយ៉ាងខ្លាំង ខ្ញុំបានសួរនាងក៏ប៉ុន្តែ នាងពុំមានតបឆ្លើយសូម្បីងាកមើល ក៏នាងមិនងាកផង ខ្ញុំក៏ខិតទៅជិតនាង នាងបែរមុខមកធ្វើឱ្យខ្ញុំភ័យតក់ស្លុតស្ទើរតែសន្លប់ទៅហើយ ព្រោះមុខនាងពោរពេញដោយឈាមក្រហមក្រម៉ៅ ហើយរង្វះមាត់នាងពិតជាធំខ្លាំងណាស់…ខ្ញុំបានរត់ចុះពីលើគ្រែទាំងរញីរញ័រ រីឯនាងនោះបានដើរចុះមកតាមខ្ញុំ ខ្ញុំក៏អង្គុយលុតជង្គង់សំពះថា នឹងធ្វើបុណ្យឧន្ទិសកុសលដល់នាង ទើបនាងព្រមដើរចេញឆ្ងាយពីខ្ញុំ បន្ទាប់មកនាងក៏រលាយបាត់រូបរាងកាយពីក្នុងបន្ទប់នោះតែម្តង…។
ចាប់តាំងអំពីពេលនោះមក ខ្ញុំបានរាងចាលជាមួយនឹងការស្នាក់នៅសណ្ឋាគារក្នុងបន្ទប់ដែលសល់តែ១ សុខចិត្តទៅរកផ្ទះសំណាក់ប្រសើរជាជាង៕
#Kevin
No comments:
Post a Comment