«កំហឹងនាងនី» ភាគ១
កាលដើមឡើយ មានគ្រួសារមួយ ជាអ្នកមានជីវភាព ធូធា សម្បូរទ្រព្យធន់ មានទាំងដីស្រែចម្ការរាប់ហិចតា នឹងមានមុខរបជាចៅហ្វាយស្រុក ។ជាពិសេសនោះ គឺគ្រួសារមួយនេះមាន កូនក្រមុំមួយរូបឈ្មោះ នី ដែលប្រកបដោយចរិយាមាយាទ ល្អឥតទាស់ ថែមទាំងមានសម្រស់គួរគន់អស់ប្រុសទាំងពួង ក្នុងភូមិមិនថាអ្នកណាឡើយ ក៏មានចិត្តបេតី និងស្រីកនិដ្ឋាដែរ ។
នាថ្ងៃមួយនោះ នាងនី មានគម្រោងថានឹងគេចពីលោកឪពុក ដើម្បីទៅលេងបុណ្យនៅក្នុងភូមិ ព្រោះគាត់ មិនងាយនឹងអនុញ្ញាតិអោយដើរហើរផ្តេសផ្តាសដូច ស្រីឯទៀតនៅក្នុងភូមិឡើយ។ នៅកន្លែងពិធីបុណ្យ មានមនុស្សអ៊ូរអរទ្រហឹងអឺងកង រីឯនាងនីគិតតែ ពីសប្បាយ សើចជាមួយនឹង កំប្លែងអាយ៉ៃឆ្លើយឆ្លង ចៃដន្យ ក៏ស្រាប់តែលេចមុខបាវព្រាវរបស់នាង ឋិតនៅទីនោះដែរ នាងភ័យណាស់ ខំរត់គេច ទៅពួន នៅឆ្ងាយពី កន្លែងបុណ្យក្បែរនាយ ជម្រុកចំបើងមួយពំនូកធំ ស្រាប់តែខណៈនោះ មានបុរសខ្មៅមាឌធំក្រអាញ វាមានគ្នា ៣នាក់ បានបំបិទមាត់នាង រួចអូសទៅទីស្ងាត់ក្បែរនោះ ហើយពួកវាក៏បានចាប់រំលោភនាងនី តែ ពេលនោះក៏លេចមុខបុរសម្នាក់ទៀត ដែលមានរូបរាងកាយមាំមួន រត់មកវាយប្រតប់ ជាមួយជនល្មោភតណ្ហាទាំងអស់នោះរហូតដល់លូនវារ ដោយអាក្ការ:ចុក ឆ្អល់ក្រោកពុំបាន។
_អ្នកនាង មានត្រូវត្រង់ណាខ្លះទេ ?ហើយអ្នកនាងមកទីនេះធ្វើអ្វីតែម្នាក់ឯងបែបនេះ?
_ចា៎ លោក គឺខ្ញុំមិនអីទេ អរគុណខ្លាំងណាស់ ដែលលោកបានជួយខ្ញុំឲ្យរួចផុតពីនរក លោកីយ កុំអីមិនដឹងទៅជាយ៉ាងណាទេ ។ហើយនាងក៏បានរៀបរាប់ដំណើរដើមទងនៃហេតុដែលកើតឡើងមុននេះ ។ពួកគេនិយាយគ្នា រួចហើយនាងនីក៏បាន លា បុរសឈ្មោះគង់នោះទៅ ផ្ទះវិញព្រោះក្រែងជ្រាបដល់លោកឪពុក នឹងកើតជាបញ្ហាធំ។
ពេលយប់ នាងនីតែងនឹកស្រណោះអាល័យ ដល់នាយគង់ដែលមានរូបសង្ហា ថែមទាំងចិត្តល្អទៀតនោះ ជារៀងរាល់រាត្រី ព្រោះនាងក្រមុំបាន គួចមេត្រីស្នេហាទៅលើបុរសនោះតាំងពីជួបដំបូងមកម្លេះ។
_តើខ្ញុំកំពុងតែត្រូវមន្តសណ្តំស្នេហ៍អ្វីហ្នឹង ហាក់បានជាអោយតែនឹកឃើញគេ ដឹងតែញញឹមញញែមតែម្នាក់ឯងដូចឆ្កួតអីចឹង...។
កន្លងទៅជាង មួយសប្តាហ៍ ពេលព្រឹកមួយនោះ នាងនី និងឪពុក កំពុងតែង្គុយនៅលើក្រែខាងក្រោមផ្ទះហូបបាយ ជុំគ្នា មួយស្របក់ក្រោយមក ស្រាប់តែមាន បុរស ម្នាក់ដែលនាងនីស្គាល់ស្រាប់ហើយ ថាជានាយគង់ចិត្តមេត្តាដែលកំពុងតែបរទេសគោដឹកកំណាត់ហូល យកមកលក់ តែនាងមិនហ៊ានបញ្ចេញអាកប្បកិរិយានាំអោយឪពុកនាងដឹងថាពួកគេស្គាល់គ្នាឡើយ ហើយពេលនោះ ពួកគេទាំងពីរលួច បាញ់មន្តស្នេហ៍ទៅវិញទៅមកតែ ត្រូវលោកឪពុក គ្រហេម គ្រហឹម! ពុកនាងនីក៏បានជាវ ហូលផាមួងពណ៌បៃតង អោយនាងស្លៀកនាថ្ងៃចូលឆ្នាំថ្មីខាងមុខ...។
[ ... ] ជារៀងរាល់អាធ្រាតយប់ស្ងាត់ នាងនីតែងតែលួចណាត់ជួបនឹង នាយគង់រាល់ពេលដែលឪពុកសម្រាន្តលក់
_បងគង់! អូនត្រូវលោកឪពុកអូនបង្ខំអោយរៀបការជាមួយ នឹងកូនសេដ្ឋីស្រុកឆ្ងាយម្នាក់ តែអូនប្រកែកមិនព្រមជាដាច់ខាត ទោះជាមេឃរលំ ភ្នំរលាយក៏ដោយ ព្រោះអូនមានតែបងគង់ម្នាក់គត់
_បងអរគុណជាអនេកនូវ ក្តីស្នេហាស្មោះស្ម័គ្រនឹងបង តែ តែបងជាជនក្រីក្រ មិនសាកសមនឹងឈោងបេះផ្កាសួគ៌ដូចជារូបអូនបានឡើយ
_បងមិនស្រឡាញ់ប្អូនទេឬ? បានជាពោលពាក្យអន័យខ្លឹមផ្សារបែបនេះ ឬមួយបងមានអ្នកថ្មីហើយ?
_ទេ ទេ មាសស្ងួន នឹមនួនកុំពោលបែបនេះ បងមានតែនួនល្អងតែម្នាក់គត់ ពុំមានអ្នកក្រៅឡើយ...ណា៎ប្អូន!
ពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេកាន់តែយល់ពីជម្រៅចិត្តគ្នា កាន់តែខ្លាំង រហូតដល់ឈានមានផ្ទៃពោះជាមួយគ្នាទៀត ដំណឹងនេះបានលេចឮដល់លោកឪពុក គាត់ខឹងយ៉ាងខ្លាំង ដែលកូនស្រីតែម្នាក់គត់ហ៊ានលក់មុខ ឪពុក ទៅស្រវ៉ាអោប សត្វក្របី យ៉ាងនេះ ក៏បាន អោយពួកបាវព្រាវទៅចាប់នាយគង់ តែនាយដឹងការមុនក៏បានរត់ទៅឯនាយស្រុកឆ្ងាយបាត់ទៅហើយ ។
ចំណែកនាងនី ត្រូវឪពុកបង្ខាំងក្នុងខ្ទមកណ្តាលព្រៃ ដោយចាក់សោរបង្អត់អាហារ សូម្បីតែទឹកមួយដំណក់ក៏មិនបានផ្តល់ឲ្យផង ដោយសេចក្តីស្រេកឃ្លានជាពន់ពេក រួមនឹងមានផ្ទៃពោះ ជិតគ្រប់ខែផងនោះ នាងពីមួយថ្ងៃទៅមួយថ្ងៃហាក់ ស្វិតស្រពោនរីងរៃ រាងកាយស្គមស្គាំង មុខផតស្រួចចូលគ្នា ដៃជើងស្វិតក្រៀមក្រោះសល់ឡើយតែស្បែកដណ្តប់ឆ្អឹង កំពុងតែដេកមើលនេះមើលនោះឯនាយល្វែងបន្ទប់ នឹកឃើញដល់ទ្រូងប្តីធ្លាប់កៀកកើយ តែឥឡូវយើងត្រូវបែកគ្នា ឯឪពុកក៏ដាច់ធម៌មេត្តាទៅទៀត នាងយំទួញសោកបោកកាយា ស្រណោះស្រណោកអាណិតខ្លួនជាពន់ពេក ដែលអភ័ព្វ ជាងស្រីទាំងពួង ...។
រីឯឪពុកនាងនី បានកំពុងកើតនូវជំងឺឈឺចាស់ជរា ដើរសឹងតែពុំរួច...នៅសុខៗក៏នឹកឃើញនាងនីដែល ជាកូនស្រីតែម្នាក់គត់ត្រូវបានខ្លួន ឃុំឃាំងជាច្រើនខែ ដែលធ្លាប់តែបម្រើទឹកក្តៅត្រជាក់ជារៀងរាល់ថ្ងៃ ហើយក៏សម្រេចចិត្ត អោយពួកអ្នកបម្រើ ទៅយកកូនស្រីត្រឡប់ចូលមករស់នៅក្នុងផ្ទះវិញ។
ម៉ោងប្រហែលជា៦ល្ងាច ...
_អ្នកនាង! អើយអ្នកនាង ! លោកឪពុកអ្នកនាងអោយអញ្ជើញអ្នកនាងទៅផ្ទះធំវិញ ពួកគេក៏ចាក់សោរបើកទ្វារ
_ហ្អាក អ្នកនាង បង្អត់អាហារជាច្រើនខែតែ មានសភាពធម្មតា មិនគួរអោយជឿ (ពួកគេគិតក្នុងចិត្ត)
_ពួកឯងមកមានការអី? ម៉េចមិនទុកឲ្យយើងងាប់សិនសឹមមក(នាងនិយាយគំរោះគំរើយខុសសព្វមួយដង)
_អត់ទេ អ្នកនាងគឺលោកម្ចាស់គាត់ លើកលែងទោសឲ្យអ្នកនាងហើយ
_អើ! បើចឹងឯងជួយ យកអីវ៉ាន់ យើងទៅផង
_យ៉ី! ម៉េចចក៏ក្នុងខ្ទមអ្នកនាងស្អុយ គំរង់សាកសពយ៉ាងនេះ ពួកឯងគិតចឹងទេ (អើមែនហើយ)
_ពួកឯងនាំគ្នានិយាយស្អី !
_បាទ..បាទ អត់ទេ អត់មាននិយាយអ្វីទេអ្នកនាង អញ្ជើញទាន...។( ពួកគេនិយាយទាំងខ្លួនញ័រទទ្រើត)
ពេលដែលនាងនី ឈានជើង ចូលផ្ទះវិញ ខ្ញុំបម្រើទាំងពួងនាំគ្នា ខ្សឹបគ្នា ពីអារម្មណ៍ខុសប្រក្រតី (នែ៎!ឯង មានឃើញទេ អ្នកនាងនៅរស់ទេតើ មើលចុះអត់បាយជាង៧ខែទៅហើយ នៅតែមិនស្គមស្គាំង បើពួកយើងវិញប្រហែលជាស្លាប់តាំងតែ១អាទិត្យមុនមកម្ល៉េះ អើ! តោះឈប់និយាយទៅ នាំគ្នាចម្អិនម្ហូបជូនអ្នកនាងពិសារ )
_ជំរាបសួរ ពុក តើពុកសុខសប្បាយដែរឬទេ កន្លងទៅមួយរយៈនេះ
_ល្អណាស់កូនអង្គុយចុះមក ពុកមួយថ្ងៃកាត់មួថ្ងៃកោរហើយណាកូន ព្រោះពុកនេះវាកាន់តែចាស់ ហើយណាកូន មិនដឹងថារស់បាន ប៉ុន្មានថ្ងៃផងទេ
_<អើរ ងាប់អោយបាត់ទៅ កាន់តែឆាប់រឹតតែល្អ អាកញ្ចាស់ បេចាក់ស៊ីម៉ងត៍ >(នាងនីគិត ក្នុងចិត្ត)
_ចឹងកូនឆាប់ទៅងូតទឹកអោយស្រឡះខ្លួនចុះ សឹមមកហូបបាយជុំគ្នា
_ចា៎ ពុក
កន្លងទៅមួយរយ: នាងនីសម្រាលបានកូន ប្រុស មួយ ដែលមើលទៅមុខមាត់ស្រដៀងទៅនឹងនាយគង់ ខ្លាំងណាស់ តែខុសប្លែកត្រង់ថា នាង មិនឲ្យកូននាងទៅអ្នកណាទាស់តែសោះសូម្បីពុកនាង ហើយនាងមិនដែលចេញក្រៅផ្ទះម្តងណាឡើយ ហាក់សម្ងំនៅតែក្នុងបន្ទប់រហូត។ ខណ:នាងនី រឹងដៃរឹងជើង ហើយ ឪពុកនាងក៏រៀបចំផ្សំផ្គុំនាង ជាមួយនឹងកូនអ្នកជំនួញឆ្ងាយម្នាក់ រៀបការបានជាងមួយខែ...ជារៀងរាល់យប់នាងនី ពុំដែលដេកជាមួយប្តីឡើយសូម្បីតែ...ហើយអោយតែអាធ្រាត យប់ស្ងាត់ដឹងតែ នាងនី ចេញទៅក្រៅបាត់រហូត ។
នាយប់មួយ...នាងនី កំពុងតែដេកនៅជិតប្តីសុខៗក៏ស្រាប់តែ ក្រោកទៅណាបាត់ក៏មិនដឹង អាឃាងជាប្តីនាង ក៏ដើរលបលប ដើម្បីលួចមើលប្រពន្ធខ្លួនដែលបាត់ទៅរាល់យប់
_តើនាងដើរទៅណាទាំងយប់ហ្នឹង យើងត្រូវតែដឹងឲ្យទាល់តែបាន ហើយនេះគឺជាខ្ទមរបស់អ្នកណា(ប្តីគិតហើយដើរតាមក្រោយ ប្រពន្ធរហូតដល់ខ្ទម)
ពេលនោះនាង កំពុងតែអង្គុយលើគ្រែក្នុងខ្ទម កំពុងតែបេះដង្កូវចេញពីស្បែកយកមកស៊ី នាងបេះម្តងមួយៗ រូបកាយនាងកាន់តែអាក្រក់ទៅៗ ពោរពេញដោយដង្កូវ ភ្នែករបស់នាងធំៗលានស្ទើរជ្រុះថែមទាំងមានឈាមក្រហមក្រមៅ ហូរមកចេញដូចទឹកភ្លៀង មុខមានស្នាមរលេះរលួយ សុសសាច់មើលពុំយល់ ប្តីនាងក៏អើតតាមចន្លោះជញ្ជាំងស្បូវឃើញដូចនោះក៏ស្រាប់តែភ្ញាក់ផ្អើលជាខ្លាំង ព្រោះដឹងថាប្រពន្ធខ្លួនបែបនេះក៏ប្រុងរត់ទៅ ជម្រាបឪពុកក្មេក ស្រាប់តែដើរស្លឹកត្នោតឮដល់នាងខ្មោច នាងនោះបែរមុខមក ទឹកមុខនាងយ៉ាងឃោឃៅ ហើយស្រែកថា៖
_ឯងជាអ្នកណា ឆាប់ចេញមុខភ្លាមមក!
រីឯប្តីរបស់នាងរត់រហូត តែនាងខ្មោចដើរកាន់តែលឿន កៀកទៅៗ នាយរត់ដួលផងអីផង រហូតដល់គុម្ពចេក គេក៏ពួនសម្ងំនៅទីនោះ ទាំងភ័យព្រួយ ខ្លាចនាងតាមមកទាន់ ស្រាប់តែមានដៃត្រជាក់ស្រេតលូកមក គេបែរមុខទៅទាំងភ័យញ័រខ្លួនទទ្រើត
_ជួយផង!ខ្មោច ជួយផង
_យ៉ី!ហើយ អ្នកប្រុសកើតអី
_គឺ...គឺ អូននី ជា ជាខ្មោច នាងកំពុងតែដេញតាមយើងអំម្បាញ់មិញនេះ
_ចឹងអ្នកប្រុស ដើរតាមខ្ញុំមក
នាយឃាងដើរ តាមនាយវ៉ែនរហូត ដល់ក្រោមចម្ប៉ាមួយដើមធំ ហើយក៏ឈប់នឹងមួយកន្លែង
_ឯង ឯងនាំយើងមកទីនេះធ្វើអី
_ស្រាប់តែរាងកាយ នាយវ៉ែន បានប្រែក្លាយទៅជា ខ្មោចនាងនី
_ឯងចង់ដឹងរឿងរបស់អញ់ខ្លាំងណាស់មែនទេ អាពងក្ត ហាស់ ហាស់ ហាស់ ឯងចង់ងាប់ឆាប់ហើយ(និយាយទាំងសើចផង ឃោឃៅផង)
_តែ តែបងសន្យាថានឹងមិនប្រាប់រឿងនេះដល់អ្នកណាទេ អូន
_អញមិនជឿ! សណ្តានឯងនេះទេ សណ្តានឯងអាក្រក់ខ្លាំងណាស់ឯងងាប់ទៅអាគីបាញ់!!! ហាស់ ហាស់ ហាស់
_ទេ អូន កុំ កុំ បងសូមទោស កំហុសគ្រប់យ៉ាងមកពីរូបខ្ងុំ អូនចង់ឲ្យបងច្រៀងបទនេះឱ្យអូនស្តាប់ទេ?
_មិនបាច់ច្រៀងច្រោញស្អីទេ ម៉ាកអាសំគីសសម្លេងដូចក្របីទៅច្រៀងដាក់ឋាននរក ឲ្យយមរាជស្តាប់ទៅ!
នាងក៏បានមួលកាច់បំបាក់កប្តីនាងរហូតដល់ដាច់ចេញពីខ្លួន ឈាមបាញ់ពាសពេញ ទាំងដី ...ពិតជាគួរឲ្យព្រៃផ្សៃខ្លាំងណាស់។
ព្រឹកឡើង អ្នកភូមិគ្រប់គ្នានាំគ្នាផ្អើលឆោឡោ ទៅមើលសាកសព នាយឃាង ដែលដេកស្លាប់ក្នុងថ្លុកឈាម សាកសព រលេះរលួយ ដង្កូវចោះស្អុយក្លិនគគ្រុក ពិបាកភ្នែកមើលខ្លាំងណាស់ គេគ្រប់គ្នាពិនិត្យថាតើ គាត់ស្លាប់ដោយសារអ្វី ? អ្នកខ្លះថាសត្វស៊ី ឯ អ្នកខ្លះទៀតថា មានគេសម្លាប់ មិនដឹងថាគួរយកមតិមួយណាឡើយ ។
មិនបានប៉ុន្មាន អ្នកផ្ទះ នោះកាន់តែដឹងច្រើនទៅៗពី អាថ៌កំបាំងនៅពីក្រោយនាងនី ហើយអ្នកដែលកាន់តែដឹងគឺកាន់ តែគ្រោះថ្នាក់បំផុត ហើយមនុស្សក្នុងផ្ទះនេះ ស្លាប់ម្នាក់ម្តងៗ ដោយសារការចង់ដឹងឮរបស់ពួកនោះ ។
ក្នុងយប់មួយ នាងនី និងឪពុកនាង កំពុងតែអង្គុយពិសារបាយ ជុំគ្នានៅលើក្រែក្រោមផ្ទះ ស្រាប់តែមានអ្នកភូមិម្នាក់ បានឃើញមុខមាត់នាងនីជាខ្មោច រលេះរលួយ ដ៏សែនអាក្រក់ បុរសម្នាក់នោះ ក៏បានស្រែកថា ខ្មោចនាងនី នាងនីជាខ្មោច នាងនីខឹងជាខ្លាំង តែពុកនាងប្រាប់ថាកុំទៅមានរឿងជាមួយពួកប្រមឹក...កន្លងទៅ២-៣ថ្ងៃ ស្រាប់តែលេចដំណឹងមកថា មានបុរសម្នាក់បានស្លាប់ដោយ ធ្លាក់ពីលើដើមល្ហុង ។
នៅវេលាម៉ោងប្រហែលជា២យប់ ពុកនាងនីចាប់ផ្តើមសង្ស័យលើកូនស្រីខ្លួនក៏លួចអើតមើលតាមចន្លោះ ទ្វារថាតើកូនជាខ្មោចព្រាយមែនឬក៏អី មើលហើយអត់ឃើញក្នុងបន្ទប់ទេ ឃើញតែចៅរបស់គាត់ ក្មេងនោះ គ្រាន់តែ តារបស់វាមើលទៅឃើញវាភ្លាមស្រាប់តែ វាបើកភ្នែក ធំៗថែមទាំងលានអណ្តាតគួរឲ្យខ្លាច
_ពុកដូចជាចង់ដឹងរឿងកូនខ្លាំងណាស់មែនទេ! ពុកធ្វើបាបខ្ញុំល្មមឆ្អែតឆ្អន់ហើយ មិនគួរមកចេះដឹងរឿងខ្ញុំឡើយ
_ពុកសូមទោសកូន កូនគួរតែឈប់សាងបាបកម្មទៀតទៅ ហើយគួរតែទៅចាប់កំណើតទៅកូន
_ឯងកុំមក បញ្ជាក្បាលអញ់ ហ្អែងជាមនុស្សឃោឃៅណាស់ យកយើងទៅធ្វើបាបបង្អត់អាហារ រហូតដល់យើងដាច់ពោះស្លាប់ទាំងកូន ហ្អែងឆាប់ងាប់ទៅ (និយាយរួចនាងខ្មោចនោះក៏បានច្រានទម្លាក់ឪពុកខ្លួនពីលើផ្ទះ ចំថ្មបែកក្បាលស្លាប់មួយរំពេច
_នេះជាលទ្ធផលដែលឯងធ្វើបាបយើង ហាស់ ហាស់ ហាស់ ...។
សូមរងចាំតាមដានទស្សនាភាគបញ្ចប់ សូមអរគុណ!
«កំហឹងនាងនី» ភាគបញ្ចប់
កន្លងទៅមួយរយ:ក្រោយមក ផ្ទះធំនោះមានលក្ខណ:ស្ងាត់ជ្រងំ គ្មានភាពអ៊ូអរដូចមុនឡើយ ជារៀងរាល់ថ្ងៃ បាវព្រាវប្រុសស្រី នាំគ្នាលួចរត់ចេញពីផ្ទះ អ្នកខ្លះរួច ឯអ្នកខ្លះទៀត ត្រូវខ្មោចអប្រិយនោះតាមទាន់...។
_មកពួកយើងឆាប់ក្រោកឡើង ម៉ោង១ជាងហើយ អ្នកនាងប្រហែលជាសម្រាន្តលក់ហើយ
_ចឹងតោះឆាប់ឡើង ក្រែងអ្នកនាងភ្ញាក់ទាន់នឹងចប់ពុំខានឡើយពួកយើង
_តោះ តោះ ហ្អាក !
ពេលពួកគេបម្រុងនឹងដើរចេញទៅស្រាប់ តែនាងនីកំពុងឈរសម្លក់មកពួកគេ ក្នុងអាការ: កាចសាហាវ នាងដើរមកយឺតៗ ដោយនៅក្នុងដៃនាងមានកាន់ក្តាប់ជាប់នូវ កាំបិតត័ុងតោ យ៉ាងមុតស្រួចសស្ងាច ដែលពួកបាវសំលៀងកាលពីល្ងាច
_ពួកឯងចង់គេចពីយើង ហ្អេស! គ្មានផ្លូវឡើយ ពួកឯងប្រហែលចង់ងាប់តាមលោកម្ចាស់របស់ឯងហើយ មែនទេ!
_ទេ ទេ អ្នកនាង ពួកខ្ញុំគ្រាន់តែ ចង់នាំគ្នាទៅលេងស្រុកតែប៉ុណ្ណោះ ក៏ប៉ុន្តែ ពួកខ្ញុំមិនអាចចេញទៅពេលព្រឹកបានឡើយ ម្យ៉ាងវិញទៀតគឺ ពុំហ៊ានដាស់អ្នកនាង នឹងសុំអនុញ្ញាត ខ្លាចអ្នកនាងខឹង
_ឯងពូកែដោះស្រាយខ្លាំងណាស់ (និយាយរួចនាងខ្មោចចាប់ផ្តើមដើរទៅកៀកនឹងយាយសយ )ហើយក៏បានចាប់បោចសក់បញ្រ្ចាស់ រួចយកកាំបិតកាន់ជាប់នឹងដៃនោះ មកអារ ក យាយសយដោយសារឥទ្ធិពលនៃកម្លាំងខ្មោចធ្វើអោយយាយសយរើពុំរួច ទឹកមុខគាត់ ហាក់ឈឺចាប់ផ្សាយ៉ាងខ្លាំងតែធ្វើអ្វីមិនកើត នាងអាកឮសូរតែឆ្វាច់ អាមួយៗ រហូតដល់ យាយសយប្រកាច់ នាងក៏បានចាប់ទាញយកបំពង់ករ យាយសយមកក្រៅ យ៉ាងសាហាវ ស្រាប់តែនាយ វ៉ែនឃើញដូចនេះភ័យតក់ស្លុតជាខ្លាំង ក៏បានរួច រត់ តែនាងខ្មោចឃើញទាន់ក៏ គប់កាំបិត ត្រូវចំក្បាលនាយវ៉ែនរហូតដល់ រយះជាពីរជម្រៀក បាញ់ឈាមឆ្វាច ធ្លាក់មកលើក្តា ដួលគ្រាំង! អ្នកចុងក្រោយគឺ នាងភីម ដែលមានវ័យក្មេងជាគេ បានលន់តួអង្វរកឲ្យសូមលើកលែងទោស នាងខ្មោចខឹងនាងនិយាយច្រើនពេក ក៏យកកូនកាំបិតនៅជិតនោះយក មកជាបបូមាត់នាង ភីម រហូតដល់រហែកដល់គុម្ពត្រចៀក នាងឈឺចាប់យ៉ាងខ្លាំង ជើងត្រកួតគ្នា ដោយអាការ: ឈឺហួសប្រមាណ ពេលមិនយូរប៉ុន្មាន នាងក៏បានដាច់ខ្យល់ស្លាប់ ឯនាងខ្មោចវិញ ហាក់សប្បាយចិត្តពន់ពេក ព្រោះបានកម្ចាត់សត្រូវ។
ចាប់តាំងអំពីនោះមក អ្នកភូមិនៅទីនោះ ខ្លាចរអាមិនហ៊ានសូម្បីឆ្លងកាត់ ពេលថ្ងៃត្រង់ ឬព្រឹកក៏ដោយជាពិសេសយប់អាធ្រាត ព្រោះខ្មោចនាងលងសាហាវណាស់ ឲ្យតែអ្នកណាដើរកាត់ គឺដឹងតែ ឲ្យឃើញនាងអង្គុយលើដំបូលផ្ទះ ឬអញ្ជើញចូលផ្ទះរបស់នាង ផឹកទឹកតែ ពេលផឹកបានកន្លះពែង ទឹកតែនោះនឹងប្រែក្លាយពីតែពណ៌បៃតង មកជាទឹកឈាមហើយអ្នកដែលគេចផុតពីផ្ទះនេះគឺ ភាគតិចណាស់ ហើយរត់រួចក៏ពិតមែនតែ ពីរបីថ្ងៃក្រោយ នឹងស្លាប់ជាក់ជាពុំខាន។ដោយសារ តែមានរឿងបែបនេះហើយទើបមនុស្សម្នាខ្លាច រហូតដល់ថ្នាក់រើផ្ទះ ចេញពីភូមិស្រុក មួយនេះទៀត ។
នាយប់មួយ មានម្តាយនិងកូនពីរនាក់ ជាអ្នកមកពីស្រុកឆ្ងាយដើម្បីដើរជួញ ហូលផាមួង អាវប៉ាក់ ម៉ោងប្រហែលជា១២ ម្តាយនឹងកូននោះបានស្ពាយសំពាយ ហូលផាមួង ដើរកាត់មុខផ្ទះនោះ។
_មីង មីង !មីងអញ្ជើញមកពីណា ទាំងយប់បែបនេះ មកអញ្ជើញចូលផ្ទះ ខ្ញុំសិនមក
_ចា៎ ក្មួយអរគុណច្រើន មីងជាអ្នកជួញហូលផាមួងខ្មែរយើង ហើយក៏បានដើរពីស្រុកឆ្ងាយរហូតបានមកដល់ទីនេះ(មីងនោះអើតមើលទៅក្នុងផ្ទះ)ហើយចុះក្មួយស្រីនៅតែម្នាក់ឯងទេឬ ?
_ចាស៎! មីងខ្ញុំនៅតែជាមួយកូនប្រុសខ្ញុំ ព្រោះពុកវាទៅជួញ ហូលនៅស្រុកឆ្ងាយដូចមីងដែរ ចឹងមីងពិសារតែ រួចអញ្ជើញឡើងទៅសម្រានក្នុងផ្ទះខ្ញុំសិនទៅ សឹមស្អែកព្រឹកសឹមចេញដំណើរទៀត
_អរគុណក្មួយ មីងនិងអាប្លយកូនមីងក៏អស់ កម្លាំងណាស់ ដែរ បានក្មួយស្រីឲ្យសម្រាក មីងអរគុណខ្លាំងណាស់ នេះក្មួយមីងអោយ ហូល មួយសម្រាប់ទុកចូលឆ្នាំ
_ទេ ទេមីងទុកចុះ ក្មួយពុំចង់បានអ្វីឡើយ ណា៎មីង
_តែ ...
_មិនបាច់តែស្ករអីទេមីងទុកចុះ ចឹងមីង តាមខ្ញុំមករកកន្លែងសម្រាក ដើម្បីកុំឲ្យអាអូនហត់
_ចា៎ក្មួយ តោះ ឆាប់ឡើងកូន
_បាទម៉ែ
_ហក ! មីងនេះភូយ...កន្ទេល
_ចា៎ ចា៎
យប់វេលាម៉ោង២
_ម៉ែ ម៉ែ កូនដូចជាធុំក្លិនស្អុយអ្វីក៏មិនដឹងដែរ
_អើយ! ឆាប់គេងទៅ យប់ហើយ ចេះក្រែងចិត្តម្ចាស់ផ្ទះផង
_ចឹងកូនសុំចុះទៅ នោម សិនម៉ែ
_អើ ប្រយ័ត្នប្រយែង ផង
_<ប្លយ>យ៉ី! ផ្ទះនេះ ដូចប្លែកៗយ៉ាងមិចក៏មិនដឹង ទេ គ្រាន់តែចូលភ្លាម ស្រាប់តែមានអារម្មណ៍ព្រឺសំបុរខ្លាំងណាស់ ហើយ..ហើយ បងម្ចាស់ផ្ទះគាត់ដើរទៅណាទាំងយប់ងងឹតហ្នឹង។(វានិយាយរួចក៏ដើរតាមក្រោយនាងនី)ហឺយ មេឃក៏ងងឹតឈឹង ខ្យល់ក៏បក់មកត្រជាក់ចុងដៃចុងជើងទៀត ហើយអាឆ្កែហ្នឹង លូ រកប្រកាច់វាស្អីទេវ៉ី ។
ពេលនោះប្លយ ទៅដល់ក៏ឃើញទិដ្ឋភាពដូចជាប្តីនាងនីដែរ ប្លយវាភ័យខ្លាំងណាស់ រហូតដល់ថ្នាក់លេចនោមដាក់ខោជោគ វាក៏បានរត់ទៅប្រាប់ម៉ែវាទាំងភ័យស្លន់ស្លោ រត់ដួលប្រកាច់ប្រកិន ព្រោះពុំធ្លាប់ឃើញរូបភាពបែបនេះ ..។
_ម៉ែ ម៉ែ! បងម្ចាស់ផ្ទះគឺជាខ្មោច ខ្ញុំឃើញគាត់ ក្លាយខ្លួនជាខ្មោចណា៎ម៉ែ មុខមាត់គាត់អាក្រក់ណាស់
_យ៉ី អាប្លយ ហើយកូនឯងនិយាយអីឆ្កួតៗបែបនេះ តិចម៉ាជើងរាប់មួយប្រាំមួយសារដើម ឥឡូវហ្នឹងហ្អែង
_ទេ!ម៉ែ កូនឃើញមែនណា៎ម៉ែ យើងឆាប់ចេញពីផ្ទះនេះភ្លាមទៅ
_កូននិយាយមែន ឬលេង ម៉ែដូចមិនជឿរឿងខ្មោចអីអស់ហ្នឹងសោះ
_សូមអង្វរម៉ែ បើគាត់មកទាន់យើងពីរនាក់នឹងស្លាប់ជាមិនខាន
_អើ តោះទៅចឹងជួយយកឥវ៉ាន់គ្នា
ពីរអ្នកនោះដើរចេញមកដល់មាត់ទ្វាស្រាប់តែកូន ខ្មោចនោះកំពុងតែឈរអោបដៃ បើកភ្នែកធំៗ លានអណ្តាតដាក់គួរឲ្យខ្លាច
_ចៅប្រុស ម៉េចមិនគេង
_ម៉ែនិយាយជាមួយវាធ្វីអី? បើម៉ែវាខ្មោចកូនវាក៏ខ្មោចដូចគ្នា
_<កូនខ្មោច> ពួកឯងចង់ទៅណា ឆាប់ចូលក្នុងភ្លាម!
_យើងទៅផ្ទះយើងវិញហើយ ប្រាប់ម៉ែឯងផង ថាយាយលាសិនហើយ។
មួយសន្ទុះ ស្រាប់តែ លេចមុខខ្មោចនាងនីកំពុងឈរឆ្កឹងពីក្រោយខ្នងម៉ែកូននោះ ដោយមានកាន់កាំ បិតពូថៅជាប់នឹងដៃ
_ពួកឯងនេះពិតជារកផ្លូវងាប់ឃើញមែន សុខស្រួលពុំចង់ គិតតែចង់ដឹងរឿងរបស់អ្នកដ៏ទៃ វាមិនបានផ្តល់អ្វីដល់ពួកឯងដែលចេះចង់ដឹងរឿងគេឡើយ តែវានឹងផ្តល់ទុក្ខទោសដល់ពួកឯង
_តែមីង គ្រាន់តែ ចង់ទៅផ្ទះតែប៉ុណ្ណោះក្មួយស្រី (និយាយហើយពួកគេក៏រត់ចុះតាមជណ្តើ) តែម្តាយរបស់អាប្លយបានត្រូវបាននាងគប់មួយកាំបិតដាច់ក្បាលចេញពីស្មា ជ្រុះដល់ដីបាត់ទៅហើយ ឯឈាមហូរហៀពេញដី ដូចទឹកភ្លៀង
_បង ម្តេចបងឯងសម្លាប់ម៉ែ របស់ខ្ញុំ ម្តេចបងសម្លាប់គាត់ បើគ្មានគាត់ខ្ញុំក៏គ្មានអ្វីទៀតដែរ (វាស្រែកយំ ថ្ងួចថ្ងូទឹកភ្នែកដាមហូរ កាត់ផែនថ្ពល់កូនប្រុសដែលយំអាណិតស្រណោះម្តាយធ្លាប់សុខទុក្ខរួមគ្នា
តែពេលនេះត្រូវបានបំបែកដោយសារនាងខ្មោចអប្រិយមួយក្បាលនេះ )នាងឯងសម្លាប់ម៉ែយើង ឯងឆាប់សងម៉ែយើងវិញភ្លាមមកសងគាត់
សងគាត់វិញមក(វាយំអោបទ្រូងម្តាយខ្លួនជាប់)
ស្រាប់តែនាងនី ដើរទៅជិតដោយបានលើកពូថៅសំដៅកាប់អាប្លយ តែត្រូវអាប្លយក្រោកទាន់ហើយក៏បាន ទាត់នាងខ្មោចនោះប៉ើង ហោះស្ទុយទៅខ្ទប់នឹងជញ្ជាំងស្រែកយំ យ៉ាងរន្ធត់
_យ៉ីអក្មេងឡប់ ឯងម៉េចក៏ធើបែបនេះដាក់យើងចឹង អូយ!អូយយ៉ូយ ហើមគូទយើងហើយក៏មិនដឹងដែរ ម៉ាអាឆ្កួតនេះ
_ឯងចេះស្រែកថាឈឺចុះឯងសម្លាប់គេ ម៉េចមិនខ្លាចគេឈឺខ្លះផង ឯងប្រហែលជាមិនដែលចូលរៀនទេមើលទៅ ឬមួយក៏ទៅរៀនគេសាលារហូតទេដឹង
_យ៉ីអាចង្រៃយ៍នេះ ឯងហ៊ានថាអោយយើងផងហ្អេស បើមិនឲ្យអញដើរគេចសាលា ម៉េចចង់ឲ្យដើរបុកលមែន
ភ្លើងកំហឹងចាប់ផ្តើមឆាបឆេះ រោលរាលឡើងវិញនាងក៏បាន គប់ពូថៅចំក្បាលអាប្លយ ហូរឈាមយ៉ាងច្រើនរហូត ដាច់ខ្យលស្លាប់តែម្តង។
នាថ្ងៃចូលឆ្នាំ នាយគង់ដែលត្រូវជាប្តីនាងនី មុនក៏បានមកលេងផងដែរ ហើយក៏បាននាំប្រពន្ធថ្មីរបស់ខ្លួនមកផងដែរ ។
_អូននី!អើយអូននី!
នាងនីដឹងហើយថានេះគឺជាសម្លេងរបស់ប្តីខ្លួន ក៏បានខំប្រឹងតុបតែងខ្លួនហើយក៏ចុះមកទទួលប្តី
_ចា៎បង ចា៎ ជំរាបសួរលោកបង តើលោកបងសុខសប្បាយជាទេ ហើយចុះនាងមុខសេះនេះគឺជាអ្នកណា ?
_បាទអូននាងគឺជាប្រពន្ធថ្មីរបស់បង នាងឈ្មោះលីន ឆាប់ជំរាបសួរបងនីភ្លាមទៅអូន
_ជំរាបសួរអ្នកបង
_អើល្អហើយ បងគង់ឆាប់ចូលបន្ទប់ភ្លាមមក ព្រោះអូននឹកបងណាស់ណា៎ដឹងទេ? ហើយនាងមុខសេះមិនបាច់ចូលមកទេអង្គុយហ្នឹងហើយ តោះបង
_បាទអូន
កន្លងទៅបាន២-៣ថ្ងៃនាយគង់និងនាងលីន ត្រូវបានស្លាប់ ដោយសារការដឹងរឿងរ៉ាវរបស់នាងនីដូចអ្នកមុនៗដែរ តែលើកនេះនាងដាំខ្លាញ់ទើបនឹងពុះយកមកស្រោចពីរលើខ្លួននាងលីននឹងប្តីនាងរហូតរលេះរលួយខ្លួន ដាច់ខ្យល់ស្លាប់។
ការស្លាប់នេះចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតអ្នកភូមិអ្នកស្រុកទ្រាំនឹងទង្វើរខ្មោចលែងបានទៀត ក៏បានអញ្ជើញលោកគ្រូអាចារ្យ ល្បីឈ្មោះមួយរូបមកបង្រ្កាបខ្មោចនាងនី។
ម៉ោងប្រហែលជា១២ ក៏មានមនុស្សម្នាជាច្រើនមកចូលរួមពិធីអន្ទងព្រលឹង អ្នកខ្លះខ្លាចពុំហ៊ានចូលរួមឯងអ្នកខ្លះទៀត ចូលរួមទាំងភ័យព្រួយខ្លាចខ្មោចនាងនី ព្រោះវាសាហាវខ្លាំងណាស់។ សីមាចាប់ផ្តើមព័ទ្ធជាបួនជ្រុង មានគ្រឿងសក្ការ:ជាច្រើន ដើម្បីធ្វើពិធី។
_<អាចារ្យ >អាវែង ឆាប់ហុច ក្អមនិងអង្ករឲ្យអញតិច
_បាទលោកគ្រូ
_<អ្នកភូមិ> តើអាចទៅរួចទេលោកគ្រូ
_ចាំតែមើលសិនទៅថាតើ វាខ្លាំងជាងគ្រូទំពែកដែរអត់ យ៉ីអាវែង ហ្អែងអញ់ឲ្យយកក្អម ហ្អែងយកកន្ថោអាចម៍មកធ្វើស្អីអាគីបាញ់!
_សូមទោសលោកគ្រូ ខ្ញុំច្រឡំ
ពិធីអន្ទងប្រលឹងក៏ចាប់ផ្តើម មនុស្សម្នាស្ងាត់មាត់ជ្រាប គ្មានលឺមួយអឺស តែសម្លេងក្លែងស្រាក ស្រែកកាន់តែខ្លាំង ឯឆ្កែក៏ចាប់ផ្តើមលូ រំពងពេញភូមិ។
_ហាស់ ហាស់ ហាស់ អាណាមកហៅអញរកងាប់អីនឹង ទាំងយប់ហ្នឹង
លោកគ្រូចាប់ផ្តើមសូត្របាលី កខគឃង...
អ្នកភូមិបើកភ្នែកធំៗច្រហរមាត់ប៉ុនៗចង្អេ ដោយសារតែឃើញខ្មោចនាងនីកំពុងតែ រាំបទញីកែងជើងយ៉ាងសប្បាយ ។
_លោកគ្រូ ម៉េចក៏អញ្ចឹង អេក នាងឯងធ្វើអីហ្នឹង
_យ៉ី! អញកំពុងតែរាំសប្បាយផង មកហៅអញ់រញ៉េរញ៉ៃ នឹងហ្អា យ៉ីអានេះ
_អើវ៉ី!អញច្រលំបាលី ខ្មោចរាំ ចាំអញសូត្រអាពិតៗ អូមហាសិទ្ធី ស្វាហែកគូទយក្ស យក្សហែកគូទស្វាភាំង
អូយ ឈឺណាស់បានហើយ យើងឈឺខ្លាំងណាស់
នាងខ្មោចស្រែកយំទាំងឈឺចាប់ផ្សារជាពន់ពេក
_ឯងឆាប់ទៅចាប់ជាតិចាប់កំណើតទៅ កុំនៅសន្សំកម្មដល់ណាទៀតអី
_<យាយយ៉យ> អើ!មុនចៅទៅអោយយាយសុំឆ្នោតអាបីលេងផងចៅ
_ចាក់168ទៅយាយ
ខ្មោចនោះក៏រលាយបាត់ទៅ ហើយផ្ទះនោះត្រូវដុតបំផ្លាញចោល ហើយអ្នកភូមិក៏រស់នៅយ៉ាងសុខក្សេមក្សាន្ត៕ ចប់
#វេស្សភូ
No comments:
Post a Comment