Friday, May 29, 2020

"បទពិសោធន៍ព្រឺព្រួច"

«បទពិសោធព្រឺព្រួច»
ដោយ:វេស្សភូ

នាងខ្ញុំគ្រឹស្នា ជាកូនស្រីអ្នកខេត្តកំពង់ចាម ហើយនៅពេលនេះខ្ញុំសូមលើកយកបទពិសោធន៍ដ៏រន្ធត់មួយដែលបានកើតឡើងលើរូបនាងខ្ញុំកាលពីកន្លងទៅ ដែលខ្ញុំស្ទើរតែក្លាយជាមនុស្សឡប់សតិក្នុងពេលមួយរាត្រីប៉ុណ្ណោះ

នារដូវភ្ជំបិណ្ឌ ខ្ញុំនឹងមិត្តរួមថ្នាក់បាននឹងមានគម្រោង
ធ្វើដំណើរកម្សាន្តទៅកាន់ខេត្តកោះកុងចំនួន2យប់
ដែលក្នុងនោះ វីរៈ , ភាលិកា, ប៊ុន ថា នឹងមួយគូទៀតគឺ វីល្លាមនឹង បូស្បា ពួកគេសុទ្ធតែមានជាគូ រីឯខ្ញុំតែម្នាក់ឯងគត់ដែលគ្មានគូ ព្រោះបង កុសល ជាសង្សារខ្ញុំគាត់ជាប់ធុរៈនៅឯភ្នំពេញ...។

លុះរសៀលជ្រាលជ្រេថ្ងៃទេរគងភ្នំណាស់ហើយ ពួកយើងក៏បានបើកឡានមកដល់ពាក់កណ្តាលផ្លូវ

ភូស!!!

"វីរៈ!តើឡានមានអ្វីកើតឡើង"
ខ្ញុំបន្ទរមុនគេ

"គឺ...គឺខ្ញុំក៏មិនដឹងដូចគ្នា"

"ហ៉ើយ!ហើអារៈឯងនេះបើកឡានយ៉ាងម៉េចទេហ្អា!"
កុសលនិយាយដោយបន្ទោសវីរៈ

"អឺ ឯងស្មានតែគ្នាចង់បែបហ្នឹងមែន"

"ទៅឈប់ឈ្លោះប្រកែកគ្នា ហើយគិតនាំគ្នាចុះទៅមើលភ្លាមទៅដើម្បីកុំឱ្យសុរិយាលិចទាន់"
បូស្បានិយាយ

បន្ទាប់ពីនោះ ខ្ញុំបានចុះពីលើរថយន្តហើយដើរសំដៅទៅកាន់ខាងមុខឡានទើបភ្ញាក់ខ្លួនព្រើតស្ទើរគាំងស្មារតី ព្រោះវីរៈ បានបើកឡានបុកឆ្មាខ្មៅមួយក្បាលយ៉ាងធំរហូតដល់ដាច់របូតបាត់ក្បាលឆ្មានោះ...ខ្ញុំនិងពួកគេភិតភ័យនឹងទិដ្ឋភាពនោះមែនទែន ព្រោះនេះវាគឺជាប្រផ្នូលមួយមិនល្អទាល់តែសោះ...បន្ទាប់ពី វីល្លាមអូសឆ្មានោះចោលរួច
ពួកយើងក៏ធ្វើដំណើរទៅមុខបន្តទៀត។

លុះរាត្រីយប់ម៉ោងប្រមាណជាង7កន្លះទើបពួកយើងដល់ទឹកដីកោះកុងដ៏មនោរម្យ ប៉ុន្តែពេលនោះជាពេលយប់ទើបពុំអាចឃើញទេសភាពដ៏ស្រស់ត្រកាលនៃខេត្តនេះបានច្បាស់ឡើយ...។ ពួកយើងក៏បាននាំគ្នាទៅស្រស់ស្រូបអាហារពេលយប់រួច ក៏បន្តទៅរកជួលបន្ទប់សណ្ឋាគារសម្រាប់គេង ពេលទៅដល់សណ្ឋាគារមួយកន្លែង ពួកយើងបានកុម្មង់បន្ទប់ចំនួន4 តែជាប្រភេទបន្ទប់គ្រែមួយសម្រាប់គូស្នេហ៍ផ្ទុយទៅវិញ បុគ្គលិកសណ្ឋាគារបានប្រាប់ថា បន្ទប់គ្រែ1នៅសល់តែ3បន្ទប់ប៉ុណ្ណោះ ភាលិកា ក៏បានប៉ះស្មាខ្ញុំដោយថ្នមរួចសម្រួលឱ្យខ្ញុំទៅគេងបន្ទប់ជាមួយគេនិងសង្សារក៏ប៉ុន្តែខ្ញុំគឺជាមនុស្សម្នាក់ដែលមិនចូលចិត្តរំខានក្តីសុខរបស់អ្នកដទៃ តួយ៉ាងដូចក្នុងពេលនេះអ៊ីចឹង ភាលិកា ជាមិត្តស្និតស្នាលហើយគេមានមិត្តប្រុសតើឱ្យខ្ញុំទៅគេងយ៉ាងម៉េច? ខ្ញុំក៏បដិសេធ ហើយក៏ទៅអើតមើលនៅលើកញ្ចក់កុំព្យូទ័រស្រាប់តែឃើញបន្ទប់មួយទៀតដែលនៅសល់ ខ្ញុំផ្តើមជ្រួញចិញ្ចឹមហើយនឹកគិតឆ្ងល់ជាខ្លាំង ខ្ញុំក៏និយាយបញ្ចុះបញ្ចូលដល់បុគ្គលិកប្រុសរូបនោះទម្រាំតែព្រមខ្ញុំខំនិយាយយ៉ាងបែកយើស ព្រោះបុគ្គលិកនោះហាក់មានអ្វីមួយដែលកំពុងលាក់លៀមជាមួយនឹងពួកយើង...បុគ្គលិកក៏ហុចសោរមកឱ្យខ្ញុំ មើលភ្លាម ប្លែកភ្លែតព្រោះសោរនោះមានភ្ជាប់ជាមួយនឹងលេខបន្ទប់555 វាជាលេខពិសេសខ្លាំងណាស់...ដែលខ្ញុំពុំធ្លាប់បានគេងក្នុងបន្ទប់លេខឡូយយ៉ាងនេះ។

ពួកយើងនាំគ្នាចូលទៅកាន់បន្ទប់រៀងៗខ្លួន ខ្ញុំឈានជើងចូលដល់ក្នុងបន្ទប់ភ្លាម ចាប់ផ្តើមកើតនូវអារម្មណ៍ប្លែកៗ ដូចជាមាននរណាម្នាក់កំពុងតែគន់សម្លឹងមកខ្ញុំចាប់តាំងពីមកដល់ខាងមុខបន្ទប់ដំបូងមកម្លេះ ម្លោះហើយទើបខ្ញុំលូកដៃទៅចុចបើកកុងតាក់ភ្លើងដើម្បីបំភ្លឺនឹងកាត់បន្ថយអារម្មណ៍មិនប្រក្រតី...។ ស្រាប់តែពេលនោះមានអ្វីមិនដឹង វាពិតជាត្រជាក់ខ្លាំងណាស់បានមកក្តោបដៃខ្ញុំជាប់ខ្ញុំស្រែកវ៉ាសហើយក៏រលាសដៃចេញ ពេលនោះក្រុមការងាររៀបចំបន្ទប់បានមកដល់ ហើយសួរខ្ញុំពី
ការដែលខ្ញុំស្រែកយ៉ាងខ្លាំងរហូតបង្កជាសំឡេងលាន់ដល់ខាងក្រៅ ខ្ញុំប្រាប់ពួកគេវិញថាវាពិតជាគ្មានអ្វីកើតឡើងឡើយ គ្រាន់តែមានកូនកន្លាតមួយប៉ុណ្ណោះបន្ទាប់ពីនោះ ពួកគេទាំងពីរចូលរោយស្រទាប់ផ្កាកុលាបនៅក្នុងអាងទឹកនឹងរៀបភេសជ្ជៈដាក់នៅលើតុក្បែរគ្រែរួចមក ពួកគេក៏លើកដៃសំពះជំរាបលាខ្ញុំរួច៖

"សូមបងស្រីគេងលក់ក្នុងសុបិនដ៏ផ្អែមល្ហែម"
រួចក៏ចាកចេញបាត់ទៅ

ខ្ញុំក៏ផ្លាស់កន្សែងងូតទឹក ខណៈដែលខ្ញុំបិទភ្នែកនៅក្នុងអាងទឹកដើម្បីបំបាត់ភាពនឿយហត់មួយ ស្របក់ក៏ស្រាប់តែមានអារម្មណ៍ថា កំពុងមានមនុស្សដើរនៅក្នុងបរិវេណបន្ទប់ សម្រឹបជើងលាន់ឮខ្លាំងៗ រួចក៏ឃើញមានស្រមោលសៗឋិតនៅខាងក្រៅកញ្ចក់ថ្លាក្នុងបន្ទប់ទឹក ភាពមិនស្រួលកើតមាន ខ្ញុំក្រោកហើយស្លៀកពាក់ឡើងលើគ្រែបិទភ្លើងគេងតែម្តង...

ម៉ោង12យប់ខ្ញុំបានភ្ញាក់ឡើងដោយសារមានមនុស្ស
គោះទ្វារ ពេលចេញទៅបើកគឺពុំឃើញមាននរណាក្រៅពីភាពស្ងាត់ជ្រងំនោះទេ ក៏ប៉ុន្តែនៅក្នុងបន្ទប់ទឹក
ឮសូរសំឡេងទឹកហូរ ខ្ញុំក៏ដើរចូលទៅវិញ ក៏ប៉ុន្តែអ្វីៗ
វាមានសភាពធម្មតាទាំងអស់ តែ...តែ...នៅក្នុងឡាំបូ
លាងដៃមានបណ្តុំសរសៃសក់យ៉ាងច្រើន ខ្ញុំចាប់ទាញម្តងបន្តិចៗពីតម្រងរបស់វា...វាពិតជាវែងខ្លាំងណាស់

ខ្ញុំទាញបានប្រវែងជិតកន្លះម៉ែត្រ សរសៃសក់ចាប់
ផ្តើមមានជាប់ដោយឈាមក្រហមក្រម៉ៅដុំៗតែម្តង
ខ្ញុំភ័យខ្លាំងណាស់ក៏រត់ចេញមកវិញហើយឡើងគ្រែ
គេងសារជាថ្មី...

សំឡេងមនុស្សស្រីកំពុងតែយំត្អូញត្អែនៅចុងជើងរបស់ខ្ញុំ ខ្ញុំទាញភួយចេញហើយក្រោកអង្គុយ ពេលនោះ គឺមានស្រ្តីម្នាក់ស្លៀកពាក់សកំពុងអង្គុយសំកុកសំកូវទម្លាក់សក់ដ៏វែងរបស់នាងគ្រប់មកហើយអង្គុយយំយ៉ាងខ្លាំង ខ្ញុំបានសួរនាង ក៏ប៉ុន្តែនាងពុំមាន
តបឆ្លើយសូម្បីងាកមើលក៏នាងមិនងាកផង ខ្ញុំក៏ខិតទៅជិតនាង នាងបែរមុខមកធ្វើឱ្យខ្ញុំភ័យតក់ស្លុតស្ទើរ
តែសន្លប់ទៅហើយ ព្រោះមុខនាងពោរពេញដោយឈាមក្រហមក្រម៉ៅហើយរង្វាសមាត់នាងពិតជាធំខ្លាំងណាស់...ខ្ញុំបានរត់ចុះពីលើគ្រែទាំងរញីរញ័រ រីឯនាងនោះបានដើរចុះមកតាមខ្ញុំ ខ្ញុំក៏អង្គុយលុតជង្គង់
សំពះថានឹងធ្វើបុណ្យឧន្ទិសកុសលដល់នាង ទើបនាងព្រមដើរចេញឆ្ងាយពីខ្ញុំបន្ទាប់មកនាងក៏រលាយ
បាត់រូបរាងកាយពីក្នុងបន្ទប់នោះតែម្តង...។ 

ព្រឹកស្អែកខ្ញុំបានស៉ើបអំពីបន្ទប់លេខ555ពីបុគ្គលិក គេបានប្រាប់ដោយស្ងាត់ៗថា បន្ទប់មួយនោះគឺ
មានមនុស្សស្រីវ័យជំទង់ម្នាក់ត្រូវបានសង្សាររំលោភ
ហើយសម្លាប់ញាត់ចូលចានបង្គន់ រហូតដល់ហើយស្អុយទើបមានបុគ្គលិកម្នាក់ចូលទៅខាងក្នុងបន្ទប់រកមើលប្រភព ទើបដឹងថាមានមនុស្សស្លាប់ក្នុងបន្ទប់នេះ ហើយបន្ទប់នេះទៀតសោតគឺពុំត្រូវបានបើកទ្វារឱ្យនរណាម្នាក់ចូលឡើយ ព្រោះបើមានក៏នៅមិនលើសពី10នាទីឡើយ គឺវិញ្ញាណខ្មោចម្ចាស់បន្ទប់នឹងលងបន្លាចដោយរូបភាពសាហាវឃោឃៅប្លែកៗពីគ្នា...

ចាប់តាំងអំពីពេលនោះមក ខ្ញុំបានរាងចាលជាមួយនឹងការស្នាក់នៅសណ្ឋាគារក្នុងបន្ទប់ដែលសល់តែ1 សុខចិត្តទៅរកផ្ទះសំណាក់ប្រសើរជាជាង៕

No comments:

Post a Comment