Friday, May 29, 2020

«ព្រាយកន្ទោងខៀវ»

«ព្រាយកន្ទោងខៀវ»
ប្រភេទ: អបិយជំនឿ

...កេសី គឺជានាមក្មេងស្រីវ័យ18ឆ្នាំម្នាក់រស់នៅក្នុងភូមិដាច់ស្រយាលមួយកន្លែងឆ្ងាយពីទីក្រុងភ្នំពេញ។ សព្វថ្ងៃម្តាយឪពុកនាងប្រកបរបឡើងត្នោតនឹងធ្វើស្រែចម្ការផង ។

ថ្ងៃមួយ ជួនជាពេលដែលម្តាយឪពុកនាង ទៅលេងបងប្អូនឯភ្នំពេញ កេសី នាងក៏ទួលល្អីមួយមានទឹកនិងនំចំណីមួយចំនួនយកទុកឆីនាពេលថ្ងៃត្រង់នៅឯម្លប់ដើមជ្រៃក្បែរវាលស្រែរបស់នាង 

នាងបានអង្គុយក្រោមម្លប់ជ្រៃដ៏ត្រឈឹងត្រឈៃ លាយឡំជាមួយនឹងជំនោវាយោផងនោះ ធ្វើឱ្យនាងផ្អែកកាយាទៅនឹងដី រួចលូកដៃយកនំអន្សមមកឆី ស្រាប់នំនោះបានជ្រុះធ្លាក់ទៅលើដី ចិត្តក្មេងស្រីហាក់ខឹងក្រោធក៏យកជើងទន្រាំនោះរហូតបែកខ្ចាត់ខ្ចាយសាយអស់ស្នូលសណ្តែកលឿង។

លុះព្រលប់កាលណា កេសីក៏ដើរផងច្រៀងផងដោយដៃមួយច្រតចង្កេះ រីដៃមួយទៀតក្តៀតល្អី...ស្បៃអន្ធការរាត្រីបានក្រាលគ្របពាសផែនពសុធា ស្រាប់តែដើរបានពាក់កណ្តាលផ្លូវ នាងក៏ច្រឡំជាន់ពែដែល មីងអឿន គាត់សែនជូនខ្មោចកូនស្រីគាត់ដែលបានចែកឋានទៅកាលពីពេលថ្មីៗនេះ កេសីក៏បន្តដំណើរទៅមុខទៀតដោយគ្មានខ្វល់ពីអ្វីដែលនាងបានប្រព្រឹត្តឡើយ...

រាល់គ្រប់ជំហានដែលនាងឈានដើរ ចាប់តាំងអំពីកន្លែងជាន់ពែរ នាងតែងតែមានអារម្មណ៍ថា មាននរណាមួយបាននឹងកំពុងដើរតាមក្រោយនាងរហូតដល់ផ្ទះ អស់រយះពេលជាងមួយសប្តាហ៍ នាងចាប់ផ្តើមធ្លាក់ខ្លួនឈឺជាទម្ងន់ស្របពេលដែល នាងតែងតែឃើញមានមនុស្សស្រីម្នាក់តែងចង់យកជីវិតនាងរហូត...

មីង ចាន់ ម្ដាយកេសី ភិតភ័យជាខ្លាំងដែលកូនស្រីខ្លួនឈឺដោយគ្មានមូលហេតុបែបនេះ...គាត់ក៏សម្រេចចិត្តនាំកេសីទៅមើលគ្រូហ្មនៅឯឆ្ងាយស្រុក

ការធ្វើដំណើរកាត់វាល់ដល់ស្រែកាត់ស្រែដល់ព្រៃ ក៏ប្រទះនឹងខ្ទមចាស់តូចមួយសង់នៅក្បែរគុម្ពឫស្សីទិដ្ឋភាពក្នុងខ្ទមនោះ មិនប្រាប់ក៏ដឹងថាជាផ្ទះគ្រូអាគមដែរ ព្រោះមានអាសនៈប្រកបដោយទៀនធូបភ្ញីវល្លិ៍ បាសីជាច្រើនថ្នាក់...សីមាហ៊ុមជុំជិត 

ស្រ្តីចំណាស់ ម្នាក់ឈ្មោះយាយ ឈុំ សយ ជាមេម៉ាយគាត់គឺជាគ្រូផ្នែកផ្លូវងងឹតដ៏ល្បីម្នាក់ប្រចាំទីនោះ...កេសីបានដេកលក់នៅពីមុខអាសនៈដោយយាយឈុំ សយ បានបិទភ្នែករំពៃរ៍ រួចបានប្រាប់ទៅ
មីងចាន់ ថាកូនស្រីគាត់ត្រូវបានព្រលឹងខ្មោចអនាថាតាមចងលងបន្លាចនាង...

«លោកយាយ! តើមីអូនកូនខ្ញុំវាយ៉ាងម៉េចដែរលោកយាយ?»

«កូននាង ត្រូវបានព្រលឹងខ្មោចស្រីក្រមុំតាមចងពារវា »

«ពុទ្ធោ!!!ហេតុអ្វីបានជាចឹងលោកយាយ?តើខ្ញុំត្រូវធ្វើអ្វីដើម្បីីបញ្ចាសគ្រោះនេះបានទៅលោកយាយ»

«គឺកូននាងឯងដើរជានចំណីអាហារដែលគេសែនដល់ខ្មោចញាតិគេនឹងហើយ ចំពោះឯងត្រូវធ្វើសំណែនបែបន់អារុក្ខអារក្សអ្នកតាដែលថែរក្សារឯនាយជ្រោះជ្រងដងភ្នំដែលឯងរស់នៅទៅ វានឹងជាសះស្បើយហើយ»

«តើត្រូវធ្វើដូចម្តេចខ្លះលោកយាយ?»

«ឯងត្រូវចាំស្តាប់កត់ចំណាំឱ្យបានត្រឹមត្រូវ កុំឱ្យភ្លាន់ភ្លេចមួមុខណាឱ្យសោះ!!!»

 

"ពែ"

សម្ភារ៖
១. ដើមចេក
២. ស្លឹកចេក និង ស្លឹកឈើ
៣. ចម្រៀកឫស្សី
៤. កាំបិត
៥. ក្រដាស
៦. ធូប ទៀន ម្លូ ស្លា 
៧. បាយ រងូ មី (ឬ ញាំ-ភ្លា-សាអាំង) បង្អែម ។

របៀបធ្វើ៖
១. កាត់ក្រដាសជារាង "ទង់ក្រពើ" រួចចងភ្ជាប់នឹងដងទង់ចម្រៀកឫស្សី ។

២. បកស្រទបចេក រួចច្រៀកជាចម្រៀកទំហំ ២ ធ្នាប់ដៃ ។

៣. យកចម្រៀកស្រទបចេកដែលច្រៀករួចទៅវាស់នឹងដៃអ្នកដែលត្រូវកែគ្រោះ ដោយគិតប្រវែងពីកែងដៃដល់ចុងម្រាមកណ្ដាល ។

៤. ដំបូង ត្រូវធ្វើ "ពែជ្រុង" មួយ៖
ក. កាច់ចម្រៀកស្រទបចេកដែលវាស់ខ្នាតរួចនោះជា ៤ ជ្រុង វង់ចូលក្នុង ឲ្យគ្រប់ជា ៥ ជាន់ (អាច ត ចម្រៀកចេករហូតកាច់បានគ្រប់ជាន់) ។
ខ. ពេលកាច់បានមួយជាន់ហើយ ត្រូវចងសិន សឹមកាច់ឲ្យបាន ៤ វង់ទៀត ។
គ. ដោតចម្រៀកឫស្សីជាក្រឡាចត្រង្គ៖ ៥  និង ៥ ចម្រៀកខ្វែងគ្នា ។

៥. បន្ទាប់មក ត្រូវធ្វើ "ពែមាត់ជ្រូក" មួយទៀត៖
ក. កាច់ចម្រៀកស្រទបចេកដែលវាស់ខ្នាតរួចនោះជា ៣ ជ្រុង វង់ចូលក្នុង ឲ្យគ្រប់ជា ៣ ជាន់ (អាច ត ចម្រៀកចេករហូតកាច់បានគ្រប់ជាន់) ។
ខ. ពេលកាច់បានមួយជាន់ហើយ ត្រូវចងសិន សឹមកាច់ឲ្យបាន ២ វង់ទៀត ។
គ. ដោតចម្រៀកឫស្សីជាក្រឡាចត្រង្គ៖ ៣  និង ៣ ចម្រៀកខ្វែងគ្នា ។

៦. ចិតចម្រៀកស្រទបចេកជាចំណិតតូចៗ ដើម្បីដោតធ្វើ "ឆត្ររួត" ៖
ក. "ឆត្ររួត ៥ ជាន់" ចំនួន ៤ សម្រាប់ "ពែជ្រុង" ៖ ដោត ៤ ចំណិតកាត់តាមទទឹង និង ដោតចំណិតទី ៥ កាត់តាមបណ្ដោយវិញ ។  
ខ. "ឆត្ររួត ៣ ជាន់" ចំនួន ៣ សម្រាប់ "ពែមាត់ជ្រូក" ៖ ដោត ២ ចំណិតកាត់តាមទទឹង និង ដោតចំណិតទី ៣ កាត់តាមបណ្ដោយវិញ ។  

៧. ដោតដងទង់ក្រពើ និង ឆត្ររួតតាមជ្រុងរបស់ពែ ។

៨. ចំពោះពែជ្រុង គេត្រូវធ្វើ "សង្រែក" បន្ថែម៖ ដោតជ្រុងម្ខាងនៃចម្រៀកឫស្សី ៤ ត្រង់ជ្រុងនីមួយៗ រួចភ្ជាប់ចុងម្ខាងទៀតរបស់វាទៅនឹងចំណិតដោមចេកមួយដែលមានអុជធូប ៣ សសៃ រៀបម្លូ ៣ សន្លឹក និង ដាក់ស្លា ១ ចំណិតផង ។

៩. ក្រាលស្លឹកចេកក្នុងពែ ។

១០. រួចកន្ទោងអំពីស្លឹកឈើចំនួន ២០ ៖ 
ក. ពែជ្រុង៖ ត្រូវដាក់កន្ទោងចំនួន ១២ ។
ខ. ពែមាត់ជ្រូក៖ ត្រូវដាក់កន្ទោងចំនួន ៨ ។

១១. គ្រឿងសំណែន៖
ក. ពែជ្រុង៖ កន្ទោង ១ ជួរ (មាន ៣ កន្ទោង) ត្រូវដាក់បាយ ស, កន្ទោង ១ ជួរ (មាន ៣ កន្ទោង) ត្រូវដាក់បាយក្រហម (បាយលាយរងូ),  កន្ទោង ១ ជួរ (មាន ៣ កន្ទោង) ត្រូវដាក់ញាំ-ភ្លា-សាអាំង (សព្វថ្ងៃ គេស្រុះមីដាក់ជំនួស), ហើយចន្លោះបាយ ស បាយក្រហម និង ញាំ-ភ្លា-សាអាំង ត្រូវដាក់បង្អែម (ក្នុងរូប ដាក់នំច័ក្កច័ន) រួចហើយក៏ដាក់ម្លូ ស្លា បារីក៏ជាការស្រេច ។
ខ. ពែមាត់ជ្រូក៖ កន្ទោង ១ ជួរ (មាន ៣ កន្ទោង) ត្រូវដាក់បាយ ស, កន្ទោង ១ ជួរ (មាន ៣ កន្ទោង) ត្រូវដាក់បាយក្រហម (បាយលាយរងូ),  កន្ទោង ១ ជួរ (មាន ២ កន្ទោង) ត្រូវដាក់ញាំ-ភ្លា-សាអាំង (សព្វថ្ងៃ គេស្រុះមីដាក់ជំនួស), ហើយចន្លោះបាយ ស បាយក្រហម និង ញាំ-ភ្លា-សាអាំង ត្រូវដាក់បង្អែម (ក្នុងរូប ដាក់នំច័ក្កច័ន) រួចហើយក៏ដាក់ម្លូ ស្លា បារីក៏ជាការស្រេច ។

១២. ការស្រេចអស់ហើយ ត្រូវរៀបពែបែរទៅ "ទិសខាងកើត" ហើយត្រូវដាក់ពែមាត់ជ្រូកនៅខាងមុខ ពែជ្រុង ។

នៅមានភាគបន្ត ៕

កន្លងជាងគម្រប់១៤ថ្ងៃ 

មានក្មេងចាស់ប្រុសស្រី បាននាំគ្នាជួយរៀបចំដង្វាយមានភ្លេងពិណពាទ្យ កន្ទង ព្រះខាន់នឹងពែអាសនៈជាច្រើនថ្នាក់ ផ្លែឈើប្រាំពីរមុខ ជាហូរហែ ម៉ាក់ប្រេងម៉ាក់ប្រាងមានចេកទុំនំអន្សមបង្អែមចំអាប រួមទាំងមាន់ឆ្កាងក្បាលជ្រូកដាក់ទាំងគូរនាយល្វែងកន្ទេលអោយទៅទន្លេស្ងូតកន្ទូតមួយដើម...លុះព្រះសុរិយាអស្តង្គតកាលណាពិធីក៏ចាប់ផ្តើមរ៉ា...

កេសី នាងមានទឹកមុខសស្លេកស្រគត់ស្រគំអង្គុយបត់ជើងនៅលើកន្ទេលដោយមានស្លៀកសំពត់ហូលនិងអាវប៉ាក់...ដោយពុំមាននិយាយស្តីទៅនរណាម្នាក់ឡើយ...

ក្រុមភ្លេងពិណពាទ្យក៏ចាប់ប្រគំឡើង យ៉ាងរន្ថើនរណ្តំផ្អើលអស់ព្រឹក្សានាកណ្តាលព្រៃស្ងាត់ មាននារីម្នាក់ស្លៀកក្បិនអាវប៉ាក់ជជាយស្មា ប្រកដដោយផ្ការំយោលត្រចៀក រាំទន្រ្ទាំព្រះធរណីដោយកងជើងរំពងសំឡេងកក្រើកទ្វីប រីដៃល្វត់ល្វន់ក្រវែងក្រវាត់ព្រះខាន់មុតថ្លា ទន់ចង្កេះអង្រ្កងកងជើងដាំពេជ្រ សក់បួងចូកឡើងកែវភ្នែកថ្លាមុត ស្រយុតស្រយ៉ង់អារម្មណ៍អ្នកឋិតក្នុងពិធីផ្តើមព្រឺសម្បុរផ្កាគ ជាមួយនឹងកាយវិកាដ៏រស់រវើករួមទាំងចម្រៀងតម្អូញតម្អែនិងបទភ្លេងដ៏គ្រលួចដើម្បីអន្ទងហៅនាងព្រាយកន្ទោងខៀវឱ្យបានចូលសន្ធិតក្នុងរាងកាយនារី...បង្កបរិយាកាសប្លែកពីសព្វដង បន្ទាប់អំពីការរាំច្រៀងថ្វាយអស់អារក្សអ្នកតារួចនារីម្នាក់ដែលរាំទន្រ្ទាំជើងបែរមកអង្គុយឆ្ងក់សំឡក់សំឡឹងហាក់ខឹងនឹងអស់ម្នាល់សត្វលោកទាំងឡាយដែលពុំដឹងខុសពុំដឹងត្រូវ ហើយច្រតចង្កេះដោយចង្អុលទៅកាន់មនុស្សផងទាំងឡាយក្នុងពិធី...

«ពួកឯង! ពួកឯងពិតជាព្រហើនពេកហើយដែលហ៊ានធ្វើបែបនេះដាក់អញ់...»
លោកអាចារ្យស្មាជាយកន្សែងម្នាក់បានលូនក្រាបប្រណម្យផ្ចង់ហត្ថទាំងទ្វីរពោលទាំងរញីរញ័រអស់កាយា
«ខ្ញុំម្ចាស់ ក៏ដូចជាកូនចាបកូនព្រាប អញ្ជើញអ្នកមកណេះគឺដើម្បីសុំខមាទោសចំពោះរាល់កំហុសឆ្គងទាំងឡាយទាំងពួងដែលកូនចាប់កូនព្រាបគ្នាហាក់ក្មេងពុំយល់រាក់ជ្រៅបានសាងកំហុសដ៏ធ្ងន់ចំពោះអស់អ្នក ដូច្នេះសូមអ្នកមេត្តាលើកលែងដល់ក្មេងក្មាំងផង ទោះបីជាចង់សំណងអ្វីក៏ពួកយើងព្រមទាំងអស់»
ថាហើយ នាងដែលត្រូវព្រាយកន្ទោងសន្ធិតបានច្រង៉េងដៃច្រង៉ាងជើងហើយពោលដោយខឹងសម្បារជាខ្លាំង

«អើ!ពួកឯងដឹងខុសជាការល្អ ដូច្នេះអញ់មិនមានចង់បានអ្វីក្រៅពីបាយសក្រហមនឹងពែរកន្ទោងព្រមទាំងភ្លេងពិណពាទ្យ៣បទប៉ុណ្ណោះ»

ពេលនោះ មានលោកអាចារ្យម្នាក់បានលូកយកធូបច័ន្ទគ្រឹស្នាទាំងបាច់ទៅអុចរួចធ្វើពិធីសុំខមាសទោស...កន្ទោងបានបង្វែរទៅទិសខាងកើត រីឯភ្លេងក៏ចាប់ប្រគំបង្រ្គប់៣បទ...ជាកិច្ចបង្ហើយ

....ពិធីចប់រួចរាល់ក៏មែនពិត ប៉ុន្តែជំងឺកេសី ពុំមានភាពប្រសើរឡើងសោះ ម្តាយឪពុកនាង គិតពីកូនស្រីរហូតដល់ស្គមស្គាំងគ្មានកម្លាំងលំហែងនឹងរកស៉ីឡើយ...

នារាត្រីកាលខែងងឹត ព្រះចន្ទលិចបាត់គ្មានស្រមោលបន្សល់នូវពពកខ្មៅក្រាស់ឃ្មឹកគ្របដណ្តប់ផែនទ្វីបក្នុងយប់នោះដែរ កេសី ដែលកំពុងតែគេងនៅខាងក្នុងបន្ទប់ ស្រាប់តែមានផ្សែងខ្មៅមួយដុំបានហោះចេញពីព្រៃចូលតាមបង្អួតកុមារីដែលបើកចំហរង់ចាំវាយោត្រជាក់ផាយផាត់ចូលមក ក្នុងគ្រានោះកេសីបានក្រោកអង្គុយដោយមានកែវភ្នែកខ្មៅងងឹតភាពរងារញ័រញាក់កាន់តែខ្លាំងឡើងៗ ក៏មានបុរសម្នាក់ជាគ្រូពេទ្យមកពីទីក្រុងបានឆ្លងកាត់ហើយឮដំណឹងអំពីកេសីក៏ឈានចូលទៅមើល ពេលនោះលោកគ្រូពេទ្យបានយកឧបករណ៍ពេទ្យនឹងធ្វើការជួសឈាមលើកេសីដែលដេកស្តូកស្តឹង គាត់បានប្រាប់ថា កេសីនាងកើតរោគគ្រុនឈាម ហើយពេលនោះនាងក៏បានស្លាប់បន្ទាប់អំពីបែកគ្រាប់ឈាម ហើយគ្រូពេទ្យគាត់ក៏ពុំមានលទ្ធភាពអាចសង្គ្រោះនាងទាន់ពេលបានឡើយព្រោះឆ្ងាយពីពេទ្យ ម្យ៉ាងជំងឺនាងគឺបណ្តាលមកពីពួកគាត់គិតតែធ្វើតាមបែបបុរាណមិនបាននាំទៅពេទ្យ ហើយទុកកូនឱ្យនៅកណ្តាលព្រៃចូលរួមពិធីរហូតដល់មូសខាំគ្រុនឈាម សមអីនឹងនាងកំពុងតែឈឺផងនោះ។

                              ចប់៚

របៀបធ្វើពែដោយ:សី លីហ៊ាង
សរសេរដោយ:វេស្សភូ
រក្សាសិទ្ធិដោយ:Scary-Story

No comments:

Post a Comment