«Sad Story»
ស្រមោលខ្មៅបានខឹតចូលបន្លាយស្បៃអន្ធកាលមកគ្របដណ្តប់ភពផែនដីបង្កឱ្យងងឹតសូន្យសុង ខ្យល់ជំនោវាយោត្រជាក់លាយក្លិនសន្សើមនឹងធម្មជាតិស្រស់បំព្រងនាវេលាល្ងាច ហៀបនឹងអស្តង្គត់លាចាកផែនប្រឹថពី...សូរបក្សាបក្សីស្រែកច្រៀងខ្ញៀវខ្ញាវិលចូលទ្រនំឯនាយសំបុករៀងៗខ្លួន រីទឹករលកបក់បោកផ្ទប់ផ្ទាំងថ្ម បង្កជាសំឡេងរលកគ្រាំងគ្រាំពាំនាំយកនូវ កាមារម្មណ៍ទៅតាមជាមួយ ដោយបន្សល់ភាពមន្ទិលសង្ស័យឥតឈប់ឈ តែខ្ញុំហាក់ពុំអស់ចិត្តចំពោះលោកា ដែលវិលវល់គ្មានទីដៅ ឋិតនៅទីដដែលៗ ធ្វើឱ្យជីវិតរបស់
យុវជនម្នាក់ កំពុងកើតទុកមិនសុខក្នុងចិត្តតែម្នាក់ឯង ហើយសណ្តូកជើងធាក់ទន្រ្ទាំផ្ទៃជលស័យ ហត្ថាក្រវាត់មកក្រោយ នេត្រាចោលសម្លឹងទៅកាន់ទីដ៏សែនឆ្ងាយ ឆ្ងាយរហូតដល់ពុំអាច
សន្និដ្ឋានបានថា វាមានកោះត្រើយឬទីទួលដែលធ្វើឱ្យរូបគេជ្រកពួនអាត្មារក្សាប្រាណក្នុងឋានដ៏សែនអាថ៌កំបាំងបង្កប់នូវភាពសោកសង្រេង ក្នុងដួងចិន្តាត្បិតនៅខ្ចីសេចក្តី ពុំទាន់យល់ន័យរាក់ជ្រៅ ប៉ុន្តែគេបានក្រោកឈរឡើងវាសដៃដ៏ធំងើយក្បាលឡើងលើ
ស្រែកដោយភាពហាំងក្លាហាក់មានកម្លាំងចិត្តឡើងវិញ ហើយក៏រត់ទៅកាន់តូបកាហ្វេតូចមួយ ក្បែរឆ្នេរសមុទ្រដែលមានស្លាកយីហោ សន្សើមរាត្រី វាជាហាងតូចមួយតែមានភាព Romantic សម្រាប់គូរសង្សារ
ចចាជជែកគ្នាកម្សាន្តតាមបែបយុវវ័យ...នារីវ័យ 19ឆ្នាំ សក់ខ្មៅរលោងវែងអន្លាយបន្សាយមកក្រោយអង្គុយត្រគាក់ខ្លាយ៉ាងសង្ហាអង់អាចគួរខ្នាញ់ ហត្ថាទាំងទ្វេរប្រៀបបីដូចនាដថ្ការបាំ កំពុងកាន់ស្លាបប៉ាក់កាកត់ត្រាអ្វីម្យ៉ាងដោយផ្ចង់គំនិតឥតអាក់ នៅក្រោមពន្លឺស្រទន់នៃអំពូលពណ៌ពងមាន់ នៅលើតុមូលមានតាំងលម្អផើងផ្កាមួយពណ៌ក្រហមឆើត ស៉ីទៅនឹងក្រែមដ៏រលោងម៉ងម៉ដ្ឋដូចផែនថ្ពល់កល្យាណ សម្លេងទាញទ្វារយ៉ាងខ្លាំង ពុំដឹងថាតើនរណាអីក៏ប្រញាប់យ៉ាងនេះ ស្រាប់បង្ហាញមុខបុរសសង្ហាអំម្បិញមិញកំពុងលុតជង្គង់ចំពោះមុខនារីម្នាក់ដែលកំពុងភ្លឹក ភ្លាំងស្មារតីជាមួយនឹងសន្លឹកសៀវភៅពណ៌ត្នោតចាស់...ពាក្យដ៏ខ្លីតែវាហាក់មានតម្លៃចំពោះកូនប្រុសបានបន្លឺចេញទៅកាន់នាងតូចច្រឡឹង
«ធានី!តើអូនព្រមរៀបការជាមួយបងបានទេ?»
ថាវរឹទ្ធ លុតជង្គង់ដោយក្នុងដៃកាន់នូវចិញ្ចៀនមួយវង់
លើកដាក់ចំពោះមុខធានី ដែលកំពុងអង្គុយធ្វើមុខអេះអុញ ជ្រួញចិញ្ចើម...
«បងឆ្កួតហើយតើពិតមែនទេ? អូនរាប់អានបងសព្វថ្ងៃទុកបងដូចជាបងប្រុសបង្កើត តើបងកំពុងនិយាយពាក្យឆ្កួតអ្វីចេញមកនឹង?»
ធានីនិយាយដោយគំហកនឹងបញ្ចេញទឹកមុខកាច
«ទេ!ក៏ទោះបីជាការគិតរបស់អូនថាបងនេះឆ្កួត បងព្រមទទួល ប៉ុន្តែបងពុំអាចចាត់ទុកបណ្តូលថ្លើម
របស់បងប្រែក្លាយមកជាការរាប់អាននោះទេ ព្រោះ
រាល់ថ្ងៃនេះអូនគឺជាបេះដូងដង្ហើមជីវិតរបស់បង អូនឆ្លើយការពិតបានទេ ថាអូនក៏ស្រលាញ់បងដែរ»
កែវភ្នែកដ៏ថ្លាយង់ហាក់រលីងរលោងជាមួយនឹងស្បែកមុខសស្លេកគ្មានឈាម
«ថាវរឹទ្ធ!បងពិតជាឆ្កួតមែនទែនហើយ គ្រប់យ៉ាងដែលអូនធ្វើចំពោះបង វាពុំមែនជាស្នេហា ប៉ុន្តែវាជាការរាប់អាន សូមបងកុំយល់ច្រលំ ព្រោះអូនមានម្ចាស់បេះដូងដែលអាចមើលថែរូបអូនបានហើយ ចាប់ពីថ្ងៃនេះតទៅ បងឈប់មកឱ្យខ្ញុំឃើញមុខទៀត
ព្រោះរវាងអូននឹងបងវាគ្មានទាក់ទងនឹងគ្នាឡើយ...»
«ចឹង!រាល់ថ្ងៃនេះអូនចាត់ទុកបងត្រឹមតែជាកង់សាគួតើពិតមែនទេ? តើក្តីសង្ឃឹមទាំងអំម្បាលមានវាជាអ្វី
ហេតុអ្វីអូនផ្តល់វាមកឱ្យបង ឱ្យបងមានក្តីសង្ឃឹម
ចង់រស់នៅបន្ត អូនជានារីដំបូងដែលបានផ្តល់ស្នាមញញឹមមកលើបង អូនតែងតែប្រាប់បងថា បងជាមនុស្សអស្ចារ្យ បងជាមនុស្សគួរឱ្យស្រលាញ់...ចុះពេលនេះ ហេតុអីអូនធ្វើបែបនេះចំពោះបងទៅវិញ
អូនដឹងទេ ធានី ! អូនដឹងទេថាបងស្រលាញ់អូនខ្លាំងប៉ុនណ្ណា ហើយនេះជាថ្ងៃចុងក្រោយដែលបងបានហាមាត់និយាយពាក្យនេះឡើងចំពោះអូន ព្រោះបេះដូងបងខូចវាលែងដើរទៀតហើយ ឈប់...!ឈប់សិន!អូនពិតជាចាកចេញពីបងមែនទេ?»
ថាវរឹទ្ធ ចាប់ទាញដៃធានីដែលងើបបម្រុងឈានជើងចេញទៅ
«ចា៎៎ស!វាជាការពិត ឆាប់លែងដៃខ្ញុំភ្លាមចាប់ពីថ្ងៃនេះតទៅមុខ យើងគឺជាអ្នកដទៃ ជួបមុខធ្វើមិនស្គាល់ទៅបានហើយ ឆាប់លែងដៃ ខ្ញុំគ្មានពេលសម្រាប់លោកទៀតទេ!!!»
ធានី ក៏ព្រលែងដៃថាវរឹទ្ធ ហើយដើរចេញទៅបាត់ដោយបន្សល់នូវសំបុត្រមួយច្បាប់ដែលនាងបានសរសេរពាក់កណ្តាលចុងសន្លឹក...
ថាវរឹទ្ធ ទន់ទោរដួលប្រាណទៅនឹងដីទឹកភ្នែកហូររហាម ភាពងងឹតសូន្យសុងក៏បន្តអង្គិលខ្លួនចូលមកគ្រប់គ្រប់ថាវរឹទ្ធ...
«ថាវរឹទ្ធ!ឱ្យអូនសូមទោស អូនពិតជាគ្មានចេតនាឡើយ តែនេះគឺជាអ្វីដែលគ្រួសារបងចង់បាន វាជាក្តីសុខរបស់ពួកគាត់អូនត្រូវតែបំពេញ ប៉ុន្តែបើឱ្យអូនបំភ្លេចបងគឺវាមិនងាយនោះទេ ព្រោះបងគឺជាបុរសដំបូងដែលតែងតែយល់ចិត្តអូន បងជាបុរសដែលអូនចាត់ទុកជាកំពូលនៃក្តីស្នេហ៍ តែពេលនេះអូនបានត្រឹមតែជាមនុស្សដែលបងស្អប់ ជាមនុស្សអាត្មានិយមបំផុតសម្រាប់បង អូនជាស្រីអាក្រក់ដែលបានធ្វើអោយទឹកភ្នែកដ៏មានតម្លៃរបស់កូនប្រុសដូចជូបបងបានហូរធ្លាក់ចុះមកកណ្តាលចំនោមមនុស្សដោយសារតែរូបអូន បងនឹងគ្មានថ្ងៃ
វិលត្រឡប់ដូចដើមបានឡើយ ឱ្យអូនសូមទោស
អូនស្រលាញ់បង...»
ធានី អង្គុយពួនយំតែម្នាក់ឯង ដោយក្តីសោកសៅឥតឧបមា...
ថាវរឹទ្ធដឹងខ្លួនក្រោកឡើងក៏រត់ឆ្លងផ្លូវ...
ផាំង...!
«ថាវរឹទ្ធកូន!កូនដឹងខ្លួនហើយមែនទេ?»
«អ្នកម៉ាក់!តើកូនកើតអីបានជានៅទីនេះ? »
«គឺកូនជួបគ្រោះថ្នាក់ចរាចណ៍ តែជាសំណាងកូនក៏ត្រូវបានក្មេងស្រីម្នាក់បានសុខចិត្តប្រគល់បេះដូង របស់គេមកឱ្យឯង បើពុំនោះទេកូនច្បាស់ជាគ្មានពេលនេះឡើយ»
«តើ...!តើនាងគឺជាអ្នកណា? កូន...កូនចង់ជួបនាង»
«នាងកំពុងនៅទីនោះ»
ថាវរឹទ្ធក៏ទាញសេរ៉ូមចេញពីដៃ រួចដើរទៅកាន់បន្ទប់លេខ23ដែលជាប់នឹងបន្ទប់របស់ខ្លួន ស្រាប់តែមានគ្រូពេទ្យពីរនាក់ បានអូសគ្រែ ដែលមានមនុស្សកំពុងតែគេង ហើយមានគ្របនូវក្រណាត់សជិតពីក្បាលដល់ចុងជើង ថាវរឹទ្ធបានត្រឹមតែចាប់ដៃនាងតែ
ពុំអាចដឹងថាអ្នកជួយជីវិតរបស់ខ្លួន ថាតើនាងជាអ្នកណាមួយឡើយ...
កន្លងផុតជាង 1ឆ្នាំ ថាវរឹទ្ធបាន ជាសះពីជំងឺ ហើយក៏...បានទៅលំហែកាយនៅតូបកាហ្វេ "សន្សើមរាត្រី"ជាមួយនឹងនារីវ័យ 21 រាងស្តើងសក់វែងអន្លាយរំសាយមកក្រោយ បបូរមាត់ស្តើងពណ៌ស៉ីជម្ពូ ច្រមុះកោងស្រួច មុខអក្សរ V បានបណ្តើរកាន់ដៃគ្នាយ៉ាងស្អិតល្មួត ចូលមកអង្គុយនៅក្នុងហាង
កាហ្វេដ៏តូចល្មមមួយនោះ...
«ប្អូន!សុំកាហ្វេ1កែវ នឹងKoi មួយផង ហើយនឹងទឹក
តែក្តៅ1កែវទៀត...»
«នេះលោកថាវរឹទ្ធតើពិតមែនទេ?»
«បាទគឺខ្ញុំមែនហើយ...ស្គាល់ខ្ញុំ?»
ថាវរឹទ្ធជ្រួញចិញ្ចើមដោយចោទសំនួរទៅកាន់ ក្មេងប្រុសម្នាក់ដែលជាអ្នករត់តុ...
«បាទ ខ្ញុំស្គាល់ ព្រោះបងធ្លាប់ជាម៉ូយប្រចាំហាងនេះ»
«អូ!បងធ្លាប់មកទីពីអង្កាល់ម៉េចមិនដែលនិយាយប្រាប់អូនសោះ ព្រោះទីនេះអូនក៏ធ្លាប់មកញាំអីនៅទីនេះពីមុនមកដែរ»
ថាវរឹទ្ធ ផ្តើមអេះក្បាលហាក់ងឿងឆ្ងល់ចំពោះអ្វីដែលពួកគេកំពុងតែនិយាយ...
«ទេ!ខ្ញុំពុំធ្លាប់មកទីនេះពីមុនមកទេ!!!»
«តែ...តែ...ខ្ញុំចាំលោកច្បាស់ណាស់ ហើយនេះជាសំបុត្រដែលមិត្តស្រីលោកបានភ្លេចនៅទីនេះបន្ទាប់
ពីបែកគ្នាពីលោក»
«មិត្តស្រី?តើខ្ញុំធ្លាប់មានមិត្តស្រីពីមុនមក?ទេ ! ពិតជាឈឺក្បាលខ្លាំងណាស់»
លីនី ក៏ទាញសំបុត្រពីក្មេងនោះមកអាន...នាងក៏
«បងធ្លាប់ទាក់ទងជាមួយនឹងនាងនោះពីមុនមកមែនទេ? ហេតុអី?ហេតុអីបងកុហកខ្ញុំ ខ្ញុំពិតជាមិនយល់ចិត្តបងសោះ»
«នី!នីអូនឈប់សិន!ស្តាប់បងសិនអូន បងពិតជាមិនដឹងអ្វីទាំងអស់!»
«បងកុហកអូន...»លីនីក៏ចោលសំបុត្រហើយរត់ចេញទៅខាងក្រៅ ថាវរឹទ្ធរើសសំបុត្ររួចក៏រត់តាមក្រោយនាងស្រាប់តែ លីនីក៏ព្រលេះដៃថាវរឹទ្ធចេញធ្វើឱ្យ ថាវរឹទ្ធ រអិលដួលចូលឡានតែម្តង...
ភាពចងចាំបានវិលត្រឡប់ចូលមកគ្របដណ្តប់
ពាសពេញខួរក្បាលថាវរឹទ្ធសារជាថ្មី គេក៏បានកាន់ជាប់នៅសំបុត្រមួយច្បាប់ ដើរសំដៅទៅមាត់សមុទ្រលាយលំជាមួយទឹកនេត្រាហូររហាម
ស្ទើរខ្សោះអស់ពីប្រាណ...
«ឱ្យបងសូមទោស!ធានីអូន បងពិតជាល្ងង់ខ្លាំងណាស់ ដែលជឿ ដែលជឿសម្តីម្តាយបង បងពិតជាអាក្រក់ណាស់ ជីវិតមួយនេះវាគ្មានតម្លៃទៀតទេ ព្រោះអូន ព្រោះអូនគឺជាអ្នកផ្តល់វាមកឱ្យរូបបង ដូច្នេះបងនឹងប្រគល់ហើយបងនឹងទៅតាមអូន ឱ្យវិលត្រឡប់មកវិញ...បងស្អប់ខ្លួនឯងណាស់ ដែលត្រចៀកស បងពិតជាសូមទោស ធានីបងស្រលាញ់អូនតែម្នាក់គត់ អូនឮទេ អូនឆាប់ក្រោកឡើង មកអង្គុយបញ្ចុកបាយបងនៅទីនេះដូចកាលពីមុនទៀត
បានទេ? អូនគេងយូរម៉េសហ្អាស់! ឆាប់ក្រោកមកបងឃ្លានបបរបង្កងដែលអូនចម្អិនជូនបងជារៀងរាល់ល្ងាចខ្លាំងណាស់ អូននី!អូនឮបងហៅទេ ?អូនឫកខ្លាំងណាស់ បងឈប់និយាយរកអូនហើយចាំមើល៍ទៅ...
រូបរាងកាយធានី កំពុងបង្ហាញរូបរាងកាយលឹមៗឯនាងទឹកសមុទ្រ នាងកំពុងតែញញឹមលាយជាមួយទឹកនេត្រាពណ៌ក្រហមប្រៀបបីដូចជាឈាម បានធ្លាក់ចុះមក...ថាវរឹទ្ធ ក៏រត់ចុះទៅតាមរូបរាងមួយនោះ
នៅទីបំផុត ដួងវិញ្ញាណពួកគេទាំងពីរនាក់ត្រូវបាន
ពន្លឺរស្មីពណ៌មាសភ្លឺភ្លែកចាំងចែង ស្រូបយកទៅកាន់
វេហា៍អាកាស ដោយកាន់ដៃគ្នាដោយបង្ហាញស្នាមញញឹមយ៉ាងមានក្តីសុខជាទីបំផុតទៅកាន់គ្នាទៅវិញទៅមក...ហើយរសាត់រូបរាងបន្តិចម្តងបន្តិចម្តងរហូតឃើញតែបរិយាសកាស ដ៏ស្ងាត់ជ្រងំនាវេលាល្ងាច...ភាពងងឹតសូន្យសុងបានបន្លាយស្បៃរាត្រីមកជំនួសកាំរស្មីពណ៌មាសដ៏ស្រស់ ស្អាត
មិនយូរប៉ុន្មាន ភពផែនដីទាំងមូលក៏ងងឹតស្លុបចាក់ភ្នែកពុំយល់ ពុំយល់ថាកោះត្រើយនៅឯណាឡើយ...
៚ចប់៚
No comments:
Post a Comment