Friday, May 29, 2020

"អបិយជំនឿ"

«អបិយជំនឿ»
ដោយ:វេស្សភូ

«លោកបងឃើញទេ!កូនៗយើង និងអ្នកផ្ទះយើងទាំងអស់ត្រូវបានស្លាប់ដោយសារតែលោកបងនៀក មិនជឿអារឿងអបិយជំនឿស្អីទាំងអស់នឹង លូវបងឃើញហើយនៅ?ឃើញនៅថាពេលនេះវាកំពុងតែមានអ្វីកើតឡើង មនុស្សជាទីស្រលាញ់ទាំងអស់ត្រូវបានស្លាប់យ៉ាងវេទនាម្តងម្នាក់ៗ...»

«ឱ្យបងសូមទោស! បងពិតជាខុស ពិតជាខុសខ្លាំងណាស់ដែលបងមិនជឿអូន ឥលូវបងជឿហើយ អូនចង់ដាក់ទោសយ៉ាងម៉េចក៏បានឱ្យតែអូនព្រមឈប់ខុសបង»

«ដាក់ទោសហ៌ គិតថាអូនគួរដាក់ទោសមនុស្សក្បាលរឹងដូចជាបងយ៉ាងម៉េច?....

_____________

ការទន្ទឹងរង់ចាំអស់ជាច្រើនឆ្នាំ ពេលនេះវាបានបង្ហាញខ្លួនហើយនោះគឺ ផ្ទះបុរាណដែលមានទំហំធំល្មមមួយសង់ឡើងគ្របដោយដើមរុក្ខជាតិនានា...ធ្វើឱ្យផ្ទះទាំងមូលប្រកបដោយប្រណិតភាពនឹងស្រស់ស្អាតតាមបែបថ្លៃថ្នូរដូចជាពូជពង្សយើងអ៊ីចឹង ឯនៅខាងក្រោយផ្ទះមានស្រះទឹកនិងងសួនផ្កាចម្រុះពណ៌ លើទីដីដែលយើងសាងសង់ផ្ទះនេះសោត គឺជាដីកេរ្តិ៍របស់ខ្មោចម៉ែខ្ញុំ គាត់បានប្រគល់មកឱ្យនៅមុនពេលគាត់ស្លាប់...។

ខ្ញុំឈ្មោះកេសី ជាប្រពន្ធ លោករឹទ្ធិ ដែលជាអ្នកជំនួញក្នុងស្រុកមួយរូប ...ពួកយើងរៀបការជាមួយគ្នាអស់រយ:ពេលជាង20ឆ្នាំមកហើយ ហើយក៏មានកូនប្រុសម្នាក់និងស្រីម្នាក់ ។

នេះជាថ្ងៃដំបូងដែលខ្ញុំនិងគ្រួសារផ្លាស់ប្តូរមករស់នៅលើផ្ទះថ្មីមួយនេះដោយមិនទាន់បានរៀបចំពីធី សុំសុខសួស្តីឬក៏ហៅថាពិធីសូត្រមន្តឡើងផ្ទះតាមទំនៀមទន្លាប់របស់ខ្មែរយើងឡើយ...ក្នុងយប់ដដែលនោះ ខ្ញុំនិងស្វាមី អង្គុយជជែកគ្នានៅរានហាលលើផ្ទះ ដោយកូនៗរបស់យើង គឺគេនាំគ្នាចូលបន្ទប់គេងអស់ហើយ នៅឡើយតែខ្ញុំនិងប្តីប៉ុណ្ណោះដែលមិនទាន់គេង ខ្ញុំអង្គុយសុខៗក៏ស្រាប់តែភ្ញាក់ខ្លួនព្រើត 
ចំពោះរឿងដែលយើងមិនទាន់បានរៀបចំពីធីសម្រាប់កេហដ្ឋានថ្មីមួយនេះ ព្រោះកាលពីជាង20ឆ្នាំមុន មានបងប្អូនសាច់ឆ្ងាយខ្ញុំម្នាក់ត្រូវស្លាប់ទាំងមួយគ្រួសារក៏ដោយសារតែឧបទ្រពចង្រៃបានតាមយាយីពួកគេតាំងតែពីថ្ងៃដំបូងដែលពួកគេចូលទៅរស់នៅក្នុងផ្ទះនោះរហូត ដល់ពួកគេឈឺស្លាប់គ្រប់ៗគ្នា...។

«បង!អូនគិតថាយើងគួរើសពេលាថ្ងៃណាដើម្បីរៀបចំ
សូត្រមន្តឡើងផ្ទះ»

«ឡើងផ្ទះស្អីអូន សម័យនេះទៅហើយ គេឈប់ធ្វើអស់ហើយ អូនឈប់បារម្ភទៅ»

«តែ..តែអូន...»

«មិនបាច់តែស្ករអីទេ ឆាប់ចូលគេងទៅ បងងងុយហើយ»

គាត់អង្អែលក្បាលខ្ញុំហើយក៏ដើរចូលទៅខាងក្នុង ពេលខ្ញុំងាកក្រឡេកមើលទៅគាត់ ស្រាប់តែឃើញតែដងខ្លួនតែបាត់ក្បាល ខ្ញុំពិតជាភ័យខ្លាចខ្លាំងណាស់ ខ្ញុំក៏ប្រញ៉ាប់ រត់ចុះទៅខាងក្រោមអុតធូប...

"សូមអារុក្ខអារក្សអ្នកតាអស់អ្នកជាទេព្តាទាំងឡាយទាំងពួងដែលថែរក្សានៅលើទឹកដីមួយនេះ សូមអស់លោកអ្នកមេត្តាកុំប្រកាន់ទោសពៃរ៍អ្វីចំពោះកូនចៅអី ថ្វីត្បិតអីស្វាមីខ្ញុំករុណាថ្លោះថ្លោយពាក្យសម្តីមិនសមរម្យចំពោះបារមីដ៏សក្តិសិទ្ធិរបស់អស់លោក...ព្រឹកស្អែកនេះកូនចៅនឹងថ្វាយចេកអំបូងដូងទុំនំផ្អែមជូនដល់អស់លោកអ្នកសែបសោយដោយក្តីសប្បាយ..."

ខ្ញុំក៏យកធូបទៅដោតនៅគល់ស្វាយក្បែរផ្ទះ ព្រោះផ្ទះខ្ញុំពុំទាន់មានព្រះភូមិនៅឡើយ...

ស្រមោលខ្មៅខ្មួលខ្មាញ់បានហោះចូលទៅខាងក្នុងផ្ទះខ្ញុំយ៉ាងលឿន ខ្ញុំក៏ប្រញ៉ាប់រត់ឡើងទៅខាងលើ....

តែគ្មានអ្វីដែលគួរឱ្យកត់សំគាល់ឡើយ ក្រៅតែពីរូបថតអ្នកម៉ាក់របស់ខ្ញុំ វាបានជ្រុះធ្លាក់បែកខ្ចាត់ខ្ចាយពាសពេញផ្ទះ...ចិញ្ចើមឆ្វេងផ្តើមញ៉ាក់ឥតឈប់ឈរ
រីឯខ្យល់ក៏បោកបក់ខ្លាំងឡើងៗនេះគឺជាប្រផ្នូលមិនល្អ ខ្ញុំក៏សំពះបែរបន់ទើបអ្វីៗប្រែមកសភាពដូចដើមវិញ...។

១ខែកន្លង...

កល្យាណ ដើរឡើងមកខាងលើផ្ទះដោយសភាពទឹកមុខស្លេកស្លាំង

«កល្យាណ!កូនកើតអីមែនទេ?ទើបស្លេកយ៉ាងនេះកូន!»

«ចា៎៎ស!គឺកូនអត់អីទេ អ្នកម៉ែធ្វើអីក៏ធ្វើចុះ»

«ទេ!កូនប្រាប់ម៉ែភ្លាមមក នឹងអាលបាននាំទៅផ្ទះគ្រូខ្មែរ»

«ស្អីគេ?គ្រូខ្មែរចឹងហ៌?»

«បងកើតអីទៀតហើយនឹងបានជាស្រែកខ្ទរដល់ផ្ទះ១ផ្ទះ៣ចឹងហាស់បង?»

«អូនឯងល្មមឈប់អាដែងជំនឿងប់ងល់នឹងបានហើយ ព្រោះបងវាធុញ ធុញខ្លាំងណាស់»

«បងមិនមែនជាអូន បងមិនដឹងឡើយ ព្រោះអូនធ្លាប់មានប្រវត្តិទើបអូនមានការព្រួយបារម្ភ...»

គាត់ដើរចុះទៅដោយមិនតប

ខ្ញុំក៏និមន្តព្រះសង្ឃមកធ្វើពិធីសូត្រមន្តនៅក្នុងផ្ទះ

ពិធីហៀបនឹងប្រារព្ធ ដែលលោកអាចារ្យនឹងយាយៗចាស់ៗកំពុងតែរៀបចំធ្វើបាយសីនឹងគ្រឿងរៀបពិធីផ្សេងទៀតសុខៗស្រាប់តែ រឹទ្ធិស្វាមីខ្ញុំបានមកបោចចោលនឹងធាក់កម្ទេចកម្ទីរបស់របរទាំងអស់ខ្ទេចគ្មានសល់...

ស្រមោលខ្មៅខ្មួលខ្មាញ់បានហោះត្របាញ់ចំ រឹទ្ធិ ធ្វើឱ្យនាយដួលផ្ងាក្រោយទាំងកំរោល

ខ្ញុំក៏ប្រញ៉ាប់រត់ទៅជិតគាត់ អង្រួនឱ្យគាត់ដឹងខ្លួន ស្រាប់តែភ្នែករបស់គាត់ប្រែមកជាក្រហមថ្លែ លោកតាសុន ក៏និមន្ត ពិនិត្យបងរិទ្ធិ ស្រាប់តែ បងរឹទ្ធិបានធាក់លោកតាពេញទំហឹងធ្វើឱ្យគាត់ធ្លាក់ជុងឈើសម្រាប់ដាក់សម្រាស់ការពារដើមម្ទេស ចំបំពង់កស្លាប់មួយរំពេចន៍...ឯបងរឹទ្ធិ ក៏បែរមកច្របាច់កខ្ញុំ 
ខ្ញុំពិតជាពិបាកក្នុងការដកដង្ហើមខ្លាំងណាស់ ព្រោះកម្លាំងរបស់គាត់ហាល់ដូចជាខ្លាំងក្លាមិននឹកស្មានដល់...

«ពុកឈប់សិន!លោកពុកចង់ធ្វើអីអ្នកម៉ែ?»

កុសលកូនប្រុសពៅខ្ញុំបានរត់មកចាប់ទាញដៃឱពុករបស់គេចេញពីកខ្ញុំ 

«កុសល...កូន...កូន...ឆាប់ទៅយកព្រះពុទ្ធរូបនៅក្នុងទូរមកឱ្យម៉ែ...លឿន...មក»

«បាទ បាទម៉ែចាំខ្ញុំកូនយកឱ្យ»

បន្ទាប់ពីយកព្រះមកដាក់ចំមុខគាត់ហើយ គាត់ក៏ដួលព្រុសសន្លប់ស្តូកស្តឹង...។

___________

អ្នកស្រីពិសីក៏ទៅរក គ្រូ...

«ម៉ែគ្រូ ម៉ែគ្រូជួយអញ្ជើញមើលជោគជតារាសីឱ្យខ្ញុំនិងគ្រួសារបន្ទិចបានទេ?» លោកស្រីកេសីនិយាយដោយញ័រមាត់អក្ការ:ភិតភ័យ

ស្រ្តីចំណាស់សក់កន្រ្ទើងរើងក៏ចាប់មុខរបស់កេសីមើល មួយសន្ទុះទើបគាត់ពោលបែបកាចៗទៅវិញ

«រាសីពួកឯងពិតជាស្រុតចុះខ្លាំងណាស់នាដើមខែនេះ ហើយក៏មានវិញ្ញាណអសុរកាយមកតាមយាយីសមាជិកគ្រួសាររបស់ឯងណាម្នាក់ដែលមានរាសីខ្សោយខ្លាំងជាងគេ បើឯងមិនគិតរកវិធីក្នុងការលើកជោគជតារាសីឱ្យបានលឿនទេនោះ ពួកឯងច្បាស់ជាស្លាប់ម្នាក់ម្តងៗជាពុំខាន»

«តើធ្វើយ៉ាងម៉េចទៅអ្នកគ្រូ»

ទៅផ្ទះសិនចុះ ទាល់តែថ្ងៃសីលពេញបូរមីទើបអាចប្រារព្ធពិធីនេះបាន តែឯងត្រូវយកខ្សែសីមានេះទៅព័ទ្ធជុំវិញផ្ទះឱ្យបានមុនថ្ងៃលិច ឆាប់ទៅ!!!»

«ចា៎៎!ចា៎៎!អ្នកគ្រូ»

លោកស្រីក៏ធ្វើដំណើរទៅផ្ទះវិញដោយរទេះគោ ហេតុថាតាមផ្លូវពោរពាសដោយជង្ហុកពេកទើបធ្វើឱ្យខ្សែសីមារបស់អ្នកគ្រូឱ្យត្រូវបានជ្រុះបាត់...

ពេលគាត់ទៅដល់ផ្ទះ ចុះពីលើរទេះគោភ្លាមគាត់ក៏លូកខ្សែសីមាពីក្នុងហោប៉ៅតែរកពុំឃើញសោះធ្វើឱ្យគាត់កើតក្តីភ័យស្លន់ស្លោ...

«អើយអ្នកអើយអ្នកឆាប់ឡើងម៉ោ»
យាយសំស្រែកហៅលាយជាមួយនឹងទឹកភ្នែកហូររហាម

«កូនខ្ញុំ តើកូនខ្ញុំកើតអី?»

លោកស្រីកេសី ឡើងដល់ទន់ជង្គង់ដួលព្រុស ព្រោះ
កល្យាណកូនស្រីគាត់បានដេកស្តូកស្តឹងឯនាយល្វែងចន្ទ...ដោយមានយាយសំនឹងកុសលអង្គុយជុំវិញ

«កេសី!កូនឯងនាងដើរជាន់"ពែ"ដែលអាឌឿនវាសែនព្រេនដល់ខ្មោចឪវាឯវាលស្រែឯណោះ ហើយកូនឯងវាប្រាប់អញ់ថាវាដើរជាន់តែមិនដឹងថាវាជាស្អី ហើយក៏មិនប្រាប់អ្នកណារហូតដល់ឥលូវទើបវាប្រាប់អញ់...ហើយក៏ត្រូវខ្មោព្រាយដាក់បណ្តាសាដែលកូនឯងមិនបានសុំខមាទោសគេ»

«ឱ!កល្យាណកូន ហេតុអីក៏កូនមិនប្រាប់ម៉ែសោះអ៊ីចឹងកូន...កុសលកូនឆាប់ទៅហៅពុកឯងនៅឯចម្ការមកកូនប្រុស»

«បាទអ្នកម៉ែ»

«តើខ្ញុំត្រូវធ្វើអ្វីខ្លះដើម្បីឱ្យកូនខ្ញុំរួតផុតពីបណ្តាសានោះ?»

«ឯងត្រូវរៀបចំកន្ទោងខៀវ(ពែ)ថ្វាយដល់វិញ្ញាពពួកព្រាយបិសាចអស់ទាំងនោះ»
 
ការរៀបចំសែនពែរបែរបន់ហើយ នៅតែមិនជាទាល់តែសោះ
ទើបមានគ្រូពូកែម្នាក់បានមកជួយគន់គូមើលអំពីនាងទើបដឹងថា នាងត្រូវបានជីដូនជីតាប្រកែប្រកាន់ចំពោះពាក្យសម្តីរបស់
ឪពុកនាង...យប់បានឈានចូលមក នៅឡើយគ្មានការអុចធូបបែរបន់ដល់ជីដូនជីតាឡើយ

ពពួកព្រាយបិសាចបានស្រែកសើចក្អាកក្អាយ មួយសន្ទុះក្រោយមក កល្យាណបានដាច់ក្បាលជ្រុះចេញពីស្មា.....សាកសពរបស់នាងត្រូវបានបញ្ចុះនៅវាលស្រែនោះដោយដាក់កន្ទោងកប់ជាមួយ ពេលទៅដល់ផ្ទះ អ្វីៗគ្រប់យ៉ាងបានធ្វើឱ្យប្តីប្រពន្ធទាំងពីរ
យំខ្សោះនេត្រា ព្រោះ កូនប្រុសរបស់ខ្លួនត្រូវបានដេកស្លាប់ដោយមានតែក្បាលនៅលើក្តាប៉ុណ្ណោះ...

«លោកបងឃើញទេ!កូនៗយើង នឹងអ្នកផ្ទះយើងទាំងអស់ត្រូវបានស្លាប់ដោយសារតែលោកបងនៀក 
មិនជឿអារឿងអបិយជំនឿស្អីទាំងអស់នឹង លូវបងឃើញហើយនៅ?ឃើញនៅថាពេលនេះវាកំពុងតែមានអ្វីកើតឡើង មនុស្សជាទីស្រលាញ់ទាំងអស់ត្រូវបានស្លាប់យ៉ាងវេទនាម្តងម្នាក់ៗ...»

«ឱ្យបងសូមទោស! បងពិតជាខុស ពិតជាខុសខ្លាំងណាស់ដែលបងមិនជឿអូន ឥលូវបងជឿហើយ អូនចង់ដាក់ទោសយ៉ាងម៉េចក៏បានឱ្យតែអូនព្រមឈប់ខុសបង»

«ដាក់ទោសហ៌ គិតថាអូនគួរដាក់ទោសមនុស្សក្បាលរឹងដូចជាបងយ៉ាងម៉េច?....

                               "ចប់"

No comments:

Post a Comment